បរទេស៖ ក្រុមបាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅទូទាំងប្រទេសបារាំង និងចក្រភពអង់គ្លេស កាលពីថ្ងៃសៅរ៍ដោយបានអំពាវនាវ ឱ្យឈប់បាញ់គ្នា នៅតំបន់ហ្គាហ្សា ខណៈរាប់រយនាក់ផ្សេងទៀត បានចេញមកម្តងទៀតនៅក្នុងទីក្រុង នានាទូទាំងទ្វីបអឺរ៉ុប។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ការតវ៉ាបានធ្វើឡើងនៅ ទូទាំងទ្វីបអឺរ៉ុប ចាប់តាំងពីការវាយប្រហារមិន ធ្លាប់មានពីមុនមក កាលពីថ្ងៃទី ៧ ខែតុលា របស់ក្រុមហាម៉ាសលើប្រទេស អ៊ីស្រាអែល បានធ្វើឱ្យកើតមាន សង្គ្រាមហ្គាហ្សា។
មនុស្សរាប់ពាន់នាក់បានដើរដង្ហែកាត់កណ្តាលក្រុងប៉ារីសក្នុងភ្លៀងធ្លាក់យ៉ាងខ្លាំងនៅពីក្រោយបដាដែលសរសេរថា «បញ្ឈប់ការសម្លាប់រង្គាលនៅហ្គាហ្សា និងតំបន់វេសប៊ែង ការឈប់បាញ់ជាបន្ទាន់»។
លោក Sophie Binet អគ្គលេខាធិការ សហជីព CGT បាននិយាយថា “ប្រទេសបារាំងត្រូវតែអំពាវនាវ ឱ្យមានការឈប់បាញ់ជាបន្ទាន់ ” ។
CGT បានប៉ាន់ប្រមាណថា មនុស្ស ៦០.០០០ នាក់ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី និង ៤០.០០០ នាក់ទៀតបានប្រមូលផ្តុំ នៅក្នុងទីក្រុងជាច្រើន ផ្សេងទៀតនៅទូទាំងប្រទេស។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងមហាផ្ទៃ បារាំងបាននិយាយថា មនុស្ស ៧.០០០ នាក់បានដើរដង្ហែរនៅទីក្រុងប៉ារីស និង ៤៥.០០០នាក់ នៅទូទាំងប្រទេសសម្រាប់ថ្ងៃសៅរ៍ទីបីជាប់ៗគ្នា។
នៅទីក្រុង Marseille , សារព័ត៌មាន AFP បានឃើញមនុស្សរាប់រយនាក់បានសម្តែង ភាពស្ងៀមស្ងាត់មួយនាទី សម្រាប់ជនរងគ្រោះប៉ាឡេស្ទីន ក្នុងសង្គ្រាម ខណៈនៅទីក្រុង Toulouse មនុស្សជាង ១.២០០ នាក់បានចូលរួមក្នុងការហែក្បួន ៕
ប្រែសម្រួលៈ ណៃ តុលា