ព័ត៌មានអន្តរជាតិ

បារាំង បញ្ជូននាវាចម្បាំង ទៅផ្តល់ជំនួយ ផ្នែកវេជ្ជសាស្ត្រ ដល់ហ្គាហ្សា

Credit: Wikimedia Commons

បរទេស ៖ ការិយាល័យប្រធានាធិបតីបារាំង បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសបារាំងកំពុងរៀបចំ បញ្ជូននាវាផ្ទុកឧទ្ធម្ភាគចក្រ Dixmude របស់ខ្លួនទៅកាន់សមុទ្រមេឌីទែរ៉ាណេ ភាគខាងកើត ដើម្បីផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត នៅតំបន់ហ្គាហ្សា ដែលហែកហួរដោយសង្រ្គាម។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ការិយាល័យរបស់ប្រធានាធិបតី Emmanuel Macron បាននិយាយថា នាវា Dixmude នឹងចេញដំណើរ “នៅដើមសប្តាហ៍ និងមកដល់ប្រទេសអេហ្ស៊ីបក្នុងប៉ុន្មានថ្ងៃខាងមុខនេះ” ។

ជើងហោះហើរពិសេស ដែលផ្ទុកសម្ភារពេទ្យជាង ១០ តោនក៏ត្រូវបានគ្រោងទុក សម្រាប់ដើមសប្តាហ៍នេះផងដែរ ។

ការិយាល័យប្រធានាធិបតី បាននិយាយថា “ប្រទេសបារាំងក៏នឹងរួមចំណែក ដល់កិច្ចខិតខំប្រឹងប្រែង របស់អឺរ៉ុបជាមួយនឹងឧបករណ៍ វេជ្ជសាស្រ្តនៅលើជើងហោះហើរអឺរ៉ុប នៅថ្ងៃទី ២៣ និង ៣០ ខែវិច្ឆិកា” ។

ការិយាល័យបានបន្ថែមថា “ប្រទេសបារាំងកំពុងកៀងគរគ្រប់មធ្យោបាយ ដែលមានដើម្បីរួមចំណែកដល់ការជម្លៀសកុមារ ដែលរងរបួស និងមានជំងឺ ដែលទាមទារការថែទាំ បន្ទាន់ពីតំបន់ហ្គាហ្សាស្ទ្រីប ទៅកាន់មន្ទីរពេទ្យរបស់ខ្លួន” ។

លោក Macron បាននិយាយ នៅពេលក្រោយនៅលើ X ដែលជាអតីត Twitter ថា កុមាររហូតដល់ ៥០ នាក់ អាចត្រូវបានបញ្ជូនតាមយន្តហោះ ទៅព្យាបាលនៅមន្ទីរពេទ្យ ក្នុងប្រទេសបារាំង “ប្រសិនបើចាំបាច់” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top