បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិរុស្ស៊ីបានប្រកាស កាលពីថ្ងៃពុធម្សិលមិញថា កងទ័ពជើងទឹករុស្ស៊ី និងឥណ្ឌាកំពុងធ្វើសមយុទ្ធរួមគ្នា នៅឈូងសមុទ្រ Bengal ។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា សមយុទ្ធនេះ មានគោលបំណងសំខាន់ក្នុងការអភិវឌ្ឍ យ៉ាងទូលំទូលាយ និងជំរុញកិច្ចសហប្រតិបត្តិការ កងទ័ពជើងទឹករវាងប្រទេសទាំងពីរ ក៏ដូចជារួមគ្នាប្រឆាំង នឹងការគំរាមកំហែងជាសកល និងធានាសុវត្ថិភាពការដឹកជញ្ជូន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្រសួងបានបន្ថែមថា ក្នុងអំឡុងពេលធ្វើសមយុទ្ធនេះ នាវិកកងទ័ពជើងទឹកមកពីប្រទេសទាំងពីរ នឹងចូលរួមគ្នាគ្រប់ទម្រង់នៃកងទ័ពជើងទឹក និងធ្វើសមយុទ្ធការពារដែនអាកាស ក៏ដូចជារបៀបនៃការធ្វើទំនាក់ទំនងផងដែរ ។
ក្នុងអំឡុងពេលនៃសមយុទ្ធ ដែលនឹងបញ្ចប់នៅថ្ងៃពុធ កងទ័ពជើងទឹកនឹងធ្វើការបំពេញ បន្ថែមនៃការផ្គត់ផ្គង់លើការផ្លាស់ប្តូរ ក៏ដូចជាការប្រើប្រាស់រួមគ្នា នៃឧទ្ធម្ភាគចក្រដែលមានមូលដ្ឋានលើនាវាផងដែរ។
នាវាពីរគ្រឿងមកពីកងនាវាចរ ប៉ាស៊ីហ្វិករបស់រុស្ស៊ី នាវា Admiral Tributs នាវាពិឃាតប្រឆាំងនាវាមុជទឹក និងនាវា Pechenga ដែលជានាវាដឹកប្រេងសមុទ្រធុនមធ្យម រួមជាមួយនឹងនាវាកងទ័ពជើងទឹកឥណ្ឌាពីរដូចជា INS Ranvijay ដែលជាប្រភេទ Rajput-class នាវាពិឃាត និង INS Kiltan ដែលជានាវាចម្បាំងប្រឆាំងនាវាមុជទឹក ព្រមទាំងយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រជាច្រើនផ្សេងទៀត ដែលបានចូលរួមសមយុទ្ធផងនេះ៕
ប្រែសម្រួល៖ស៊ុនលី