ព័ត៌មានអន្តរជាតិ

​ណាតូ បង្កើតឡើងដំបូង ជាឧបករណ៍ នៃការប្រឈមមុខដាក់គ្នា​

AFP

ម៉ូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ត្រូវបានបង្កើតឡើងដំបូងជា “ឧបករណ៍ នៃការប្រឈមមុខគ្នា” ហើយប្លុកនេះកំពុងស្វែងរកយ៉ាងសកម្ម ក្នុងការទប់ស្កាត់ប្រទេសរុស្ស៊ី។

លោក Peskov បានលើកឡើងថា “ណាតូ ចាត់ទុករុស្ស៊ីជាសត្រូវ។ ណាតូ គឺជាសម្ព័ន្ធមិត្ត ដែលត្រូវបានបង្កើតឡើងជាឧបករណ៍នៃការប្រឈមមុខគ្នា” នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ការកត់សម្គាល់នេះ បានធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយអគ្គលេខាធិការ អង្គការណាតូលោក Jens Stoltenberg កាលពីថ្ងៃច័ន្ទ ដែលក្នុងនោះលោក បានកត់សម្គាល់ថា ភារកិច្ចចម្បងពីររបស់សម្ព័ន្ធគឺ “គាំទ្រអ៊ុយក្រែន” និងដើម្បីការពារជម្លោះអ៊ុយក្រែន ពីការប្រែក្លាយទៅជា “សង្រ្គាមពេញលេញរវាងរុស្ស៊ី​ និងណាតូ” ។

លោក Peskov បានកត់សម្គាល់ថា អង្គការណាតូត្រូវបានបង្កើតឡើងដំបូង ដើម្បីទប់ទល់នឹងប្រទេសរុស្ស៊ី បើទោះបីជាមានសេចក្តីថ្លែងការណ៍ណាមួយ​ដែលព្យាយាមបង្ហាញ ភាពផ្ទុយគ្នាក៏ដោយ។

លោកបានបន្ដថា ប្លុកយោធាមិនបានបោះបង់ចោល ផែនការរបស់ខ្លួន រហូតមកដល់សព្វថ្ងៃនេះ ហើយកំពុងពលីកម្មប្រជាជនអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ដោយបន្ថែមថា ទីក្រុងម៉ូស្គូយល់ច្បាស់ អំពីស្ថានភាពបច្ចុប្បន្ន ហើយកំពុងរៀបចំផែនការសកម្មភាពបន្ថែមទៀតស្របតាម៕
ប្រែសម្រួល ឈូក បូរ៉ា

To Top