ហ្គាហ្សា ស្ទ្រីប៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ថា ការទាមទារដ៏វិសាមញ្ញរបស់អង្គការសហប្រជាជាតិ ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សាត្រូវបានរារាំង ដោយសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ខណៈដែលកងកម្លាំងអ៊ីស្រាអ៊ែល នៅតែបន្តការវាយលុកឥតឈប់ឈរដើម្បីបំផ្លាញក្រុមហាម៉ាស់ បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ខ្លួនកាលពីពីរខែមុន ។
បើយោងតាមតួលេខចុងក្រោយបំផុតរបស់ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បានឲ្យដឹងថា ការប្រយុទ្ធគ្នានេះបានធ្វើឱ្យពលរដ្ឋចំនួន១៧.៤៨៧នាក់បាត់បង់ជីវិតនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលភាគច្រើនជាស្ត្រី និងកុមារ ។
អ៊ីស្រាអ៊ែល បានប្តេជ្ញាលុបបំបាត់ក្រុមហាម៉ាស់លើការវាយប្រហារដែលមិនធ្លាប់មានពីមុនមកនៅថ្ងៃទី៧ ខែតុលា នៅគ្រាដែលក្រុមសកម្មប្រយុទ្ធបានទម្លុះព្រំដែនយោធារបស់ហ្គាហ្សា ដើម្បីសម្លាប់ពលរដ្ឋប្រហែល១.២០០នាក់ និងចាប់ចំណាប់ខ្មាំង ក្នុងនោះចំនួន១៣៨នាក់នៅតែជាឈ្លើយសឹក ។
នៅក្នុងតំបន់ដ៏ធំនៃតំបន់ហ្គាហ្សាត្រូវបានកាត់បន្ថយទៅជាវាលរហោស្ថាន ហើយអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រហែល៨០ភាគរយនៃចំនួនពលរដ្ឋត្រូវបានផ្លាស់ទីលំនៅ ប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ ទឹក និងថ្នាំពេទ្យ និងការគំរាមកំហែងកាន់តែខ្លាំងឡើងនៃជំងឺផ្សេងៗ ។
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវដោយផ្អែកលើមាត្រា៩៩នៃធម្មនុញ្ញអង្គការសហប្រជាជាតិដែលកម្រប្រើដើម្បីកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ។
លោកបានជំរុញឱ្យមានការដោះលែងចំណាប់ខ្មាំង ប៉ុន្តែបានថ្លែងថា “អំពើឃោរឃៅដែលប្រព្រឹត្តដោយក្រុមហាម៉ាស់មិនអាចបង្ហាញអំពីភាពត្រឹមត្រូវនៃការដាក់ទណ្ឌកម្មរួមរបស់ពលរដ្ឋប៉ាឡេស្ទីននោះទេ” ។
ប៉ុន្តែសហរដ្ឋអាមេរិក ដែលផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារដល់អ៊ីស្រាអ៊ែល បានវេតូចំពោះដំណោះស្រាយនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា