ព័ត៌មានអន្តរជាតិ

យូអិន ៖ អ៊ីស្រាអែល ព្យាយាមបង្ខំឲ្យពលរដ្ឋ ក្នុងតំបន់ហ្គាហ្សា ចាកចេញទៅអេហ្ស៊ីប

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានទីភ្នាក់ងារជនភៀសខ្លួន ប៉ាឡេស្ទីនរបស់អង្គការ សហប្រជាជាតិបានអះអាងថា កងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ថាIDFកំពុងរៀបចំដំណាក់កាលសម្រាប់ការបណ្ដេញប្រជាជនប៉ាឡេស្ទីន យ៉ាងច្រើនចូលទៅក្នុងប្រទេសអេហ្ស៊ីប ខណៈពេលដែលបង្កើតលក្ខខណ្ឌ ដែលនឹងធ្វើឱ្យពួកគេមិនអាចត្រឡប់ទៅផ្ទះដែលត្រូវបានបំផ្លាញរបស់ពួកគេ នៅក្នុងតំបន់ហ្គាហ្សាថែមទៀតផង។

ដោយឡែកប្រធានទីភ្នាក់ងារ ជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ (UNRWA) លោក Philippe Lazzarini បានសំភាសកាលពីថ្ងៃសៅរ៍ ជាមួយនឹងកាសែត Los Angeles Times ថា ៖អង្គការសហប្រជាជាតិ និងរដ្ឋ ជាសមាជិកមួយចំនួន រួមទាំងសហរដ្ឋអាមេរិក បានច្រានចោលយ៉ាងម៉ឺងម៉ាត់ ចំពោះការបណ្តេញពលរដ្ឋ ក្នុងតំបន់ហ្គាហ្សាចេញ ពីតំបន់ហ្គាហ្សាស្ទ្រីប។

លោកបន្តថា៖ប៉ុន្តែ​ទោះបីជាយ៉ាងណា ក្តីការ​វិវត្តន៍​ដែល​យើង​កំពុង​ធ្វើ​ជា​សាក្សី​ចង្អុល​បង្ហាញ​ដល់​ការ​ប៉ុនប៉ង​ផ្លាស់​ប្តូរ​ជនជាតិ​ប៉ាឡេស្ទីន​ទៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​ មិន​ថា​ពួកគេ​ស្នាក់​នៅ​ទី​នោះ ​ឬ​ត្រូវ​បាន​តាំង​ទី​លំនៅ​កន្លែង​ផ្សេង​ទៀត​នោះ​ទេ។

អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីស្រាអែល បានបដិសេធការចោទប្រកាន់របស់ Lazzarini ដោយនិយាយថា អ៊ីស្រាអែលមិនដែលមានផែនការ រុញពលរដ្ឋប៉ាឡេស្ទីនចូលទៅក្នុងអេហ្ស៊ីបទេ ខណៈដែលកន្លងមក សមាជិកសភាអ៊ីស្រាអែលពីរនាក់ បានប្រាប់កាសែត Wall Street Journal op-ed ថាពួកគេចង់ឃើញប្រទេសជុំវិញពិភពលោកស្វាគមន៍ជនភៀសខ្លួនពីតំបន់ហ្គាហ្សា ដែលជ្រើសរើសផ្លាស់ប្តូរទីលំនៅរបស់ពួកគេ៕

ប្រែសម្រួល៖ស៊ុនលី

To Top