ព័ត៌មានអន្តរជាតិ

មន្ត្រីយូអិនព្រមានថា ការវាយប្រហារទំនងជាកើនឡើង នៅតំបន់ហ្គាហ្សា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក

Xinhua

យូអិន៖ មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ​ ​បានព្រមានថា អំឡុងពេលវិស្សមកាលទំនងជានឹង នាំមកនូវការកើនឡើងនៃការ វាយប្រហារនៅតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលពិភពលោក បង្វែរការផ្តោតអារម្មណ៍របស់ខ្លួន ទៅកន្លែងផ្សេងក្នុងអំឡុងពេលបុណ្យណូអែល។

កុមារប្រហែល ៧០០០ នាក់ត្រូវបានសម្លាប់ នៅតំបន់ហ្គាហ្សារហូតមកដល់ពេលនេះ ខណៈដែលកុមារប្រហែល ១០០០ នាក់បានបាត់បង់អវយវៈក្រោមមួយ ឬច្រើន នេះបើយោងតាមអ្នកនាំពាក្យរបស់ មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) លោក James Elder ។

លោក បានប្រាប់សន្និសីទ សារព័ត៌មាននៅទីក្រុងហ្សឺណែវថា “ចំនួនកុមារ ដែលត្រូវបានកាត់អវៈយវៈមានច្រើន គឺគួរឱ្យភ្ញាក់ផ្អើល” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

មន្ត្រីរូបនេះបានប្រាប់អ្នកយកព័ត៌មានថា មន្ទីរពេទ្យដែលដំណើរការពេញលេញ នៅសេសសល់ដ៏ធំបំផុតនៅតំបន់ហ្គាហ្សា​ ត្រូវបានបាញ់ផ្លោងពីរដងក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយនេះ។

មន្ទីរពេទ្យមិនត្រឹមតែផ្តល់ជម្រកដល់កុមារ ដែលរងរបួសធ្ងន់ធ្ងរមួយចំនួនធំប៉ុណ្ណោះទេ ប៉ុន្តែក៏មានស្ត្រី និងកុមាររាប់រយនាក់ មកពីទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ដែលកំពុងស្វែងរកសុវត្ថិភាពផងដែរ។

កុមារជាង ១០ម៉ឺន នាក់នៅតំបន់ហ្គាហ្សា បច្ចុប្បន្នមានជំងឺរាគរូស ដែលអាចបណ្តាលឱ្យស្លាប់ខណៈពេលដែលជនស៊ីវិល ១៥ម៉ឺននាក់ មានជំងឺផ្លូវដង្ហើមដ៏ស្រួចស្រាវ ដែលប្រឈមនឹងការបាត់បង់ជីវិតដូចគ្នា។

កង្វះអាហារូបត្ថម្ភក៏កំពុងកើនឡើងផងដែរ ក្នុងចំណោមកុមារនៅតំបន់ហ្គាហ្សា ដោយក្នុងនោះជាង ១៣ម៉ឺននាក់ នៃកុមារដែលងាយរងគ្រោះបំផុត នៅតំបន់ហ្គាហ្សា ទារកដែលមានអាយុក្រោម ២ឆ្នាំ មិនបានទទួលការបំបៅកូន ដោយទឹកដោះដ៏សំខាន់ ឬការផ្តល់អាហារបន្ថែម សមស្របតាមអាយុនោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top