បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃពុធថា មន្ត្រីមន្ទីរប៉ង់តាហ្គោន មានការព្រួយបារម្ភអំពីការចំណាយកើនឡើង ដល់សហរដ្ឋអាមេរិកក្នុងការទប់ទល់ជាមួយនឹង ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីល របស់ក្រុមឧទ្ទាម ហួធី នៅសមុទ្រក្រហម ។ របាយការណ៍នៃការព្រួយបារម្ភនេះកើតឡើង បន្ទាប់ពីក្រុមហ៊ុនដឹកទំនិញធំៗជាច្រើន បានផ្អាកការធ្វើដំណើរឆ្លងកាត់ផ្លូវ នៅសមុទ្រក្រហម ដោយលើកឡើងពីការព្រួយបារម្ភ អំពីសុវត្ថិភាពនៃនាវារបស់ពួកគេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងដោយយោងតាម ក្រសួងការពារជាតិអាមេរិកថា កងទ័ពជើងទឹកអាមេរិក បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ៣៨គ្រឿង និងកាំជ្រួចជាច្រើនគ្រាប់ នៅលើសមុទ្រក្រហម ក្នុងរយៈពេលពីរខែកន្លងមកនេះ។ កាលពីថ្ងៃសៅរ៍ នាវាពិឃាតអាមេរិក USS Carney បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ១៤ គ្រឿង ដែលសង្ស័យថា ត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ក្នុងការវាយប្រហារតែមួយ។
ក្រុមសកម្មប្រយុទ្ធ ហួធី បានបង្កើនការវាយប្រហារលើការ ដឹកជញ្ជូននៅក្នុងតំបន់ ចំពេលមានជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាន់តែខ្លាំងឡើងនៅក្នុងតំបន់ហ្គាហ្សា។ ជាមួយនឹងចំនួនអ្នកស្លាប់ ក្នុងចំណោមប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានគេរាយការណ៍ថាមានជិត ២០.០០០ នាក់ ក្រុមប្រដាប់អាវុធនេះបានប្តេជ្ញា បន្តការវាយលុករបស់ពួកគេរហូតដល់ “ការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹង” “បងប្អូនដ៏ខ្ជាប់ខ្ជួនរបស់ពួកគេនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប” ត្រូវបញ្ឈប់ ។
សារព័ត៌មាន Politico បានរាយការណ៍ដោយដកស្រង់ ប្រភពពីក្រសួងការពារជាតិថា ការចំណាយលើការប្រើប្រាស់មីស៊ីល ពីដីទៅអាកាសរបស់កងទ័ពជើងទឹកអាមេរិក កំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើង។ មួយគ្រាប់ៗត្រូវបានគេរាយការណ៍ថា មានតម្លៃប៉ាន់ស្មាន ១.០០០ ដង គឺច្រើនជាងយន្តហោះគ្មានមនុស្សបើក ដែលពួកសកម្មប្រយុទ្ធ បានប្រើប្រាស់៕
ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									