ព័ត៌មានអន្តរជាតិ

កប៉ាល់​របស់​កងកម្លាំង​អាមេរិក​ ដែល​ដឹក​បំណែក​យន្តហោះ​ Osprey មកដល់​មូលដ្ឋាន​ភាគ​ខាងលិច ​ប្រទេស​ជប៉ុនហើយ

រូបភាព​ Kyodo

តូក្យូ៖ រដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងថា កប៉ាល់ដែលជាកម្មសិទ្ធិរបស់យោធាអាមេរិក បានមកដល់កាលពីថ្ងៃសៅរ៍នៅឯស្ថានីយ៍អាកាស Marine Corps Air Iwakuni ដោយដឹកបំណែកពីយន្តហោះដឹកជញ្ជូន Osprey របស់ប្រទេសនេះ ដែលបានធ្លាក់ចេញពីកោះភាគនិរតីនៃប្រទេសជប៉ុន កាលពីចុងខែវិច្ឆិកា។

រដ្ឋាភិបាលទីក្រុង Iwakuni ក្នុងខេត្ត Yamaguchi បានបង្ហាញពីការមកដល់នេះ ដោយដកស្រង់សម្តីការិយាល័យក្នុងតំបន់នៃក្រសួងការពារជាតិជប៉ុន។ យោធាសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងស៊ើបអង្កេតឱ្យបានពេញលេញនូវអ្វី ដែលត្រូវបានជួយសង្គ្រោះពីយន្តហោះដែលបានធ្លាក់ក្នុងដែនទឹកក្បែរកោះ Yakushima ក្នុងខេត្ត Kagoshima កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ។

វាត្រូវបានបញ្ជាក់កាលពីថ្ងៃពុធថា បំណែកយន្តហោះត្រូវបានទាញចេញពីសមុទ្រ ហើយដាក់នៅលើក្តារបន្ទះរបស់នាវាសង្គ្រោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ប្រអប់ខ្មៅរបស់យន្តហោះនេះ ត្រូវបានរកឃើញវិញហើយ ហើយនឹងអនុញ្ញាតឱ្យយោធាអាមេរិក ពិនិត្យមើលថាតើអ្វីបណ្តាលឱ្យធ្លាក់យន្តហោះនេះ នេះបើយោងតាមប្រភពដែលទាក់ទងនឹងបញ្ហានេះ។

បំណែក​យន្តហោះ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​គឺ​ជា​ផ្នែក​មួយ​នៃ​តួ​យន្តហោះ​ដឹក​ជញ្ជូន CV-22 ដែល​ត្រូវ​បាន​គេ​ចាត់​ឱ្យ​ទៅ​មូលដ្ឋាន​ទ័ព​អាកាស Yokota នៅ​ជាយក្រុង​ភាគ​ខាងលិច​នៃ​ទីក្រុង​តូក្យូ។ យន្តហោះ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្រោម​ទឹក​នៅ​ដើម​ខែ​ធ្នូ​បក្បែរ​កោះ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top