ហាណូយ៖ ការិយាល័យស្ថិតិទូទៅបានរាយការណ៍ថា ប្រទេសវៀតណាម បានទាក់ទាញការវិនិយោគបរទេសប្រមាណ ៣៦,៦ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ កើនឡើង ៣២,១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងចំណោមនោះ ទឹកប្រាក់ប្រមាណ ២៣,១៨ ពាន់លានដុល្លារត្រូវបានបញ្ចេញ កើនឡើង ៣,៥ ភាគរយធៀបនឹងឆ្នាំមុន ដែលបង្ហាញពីកម្រិតខ្ពស់បំផុតនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងប្រទេសវៀតណាម ក្នុងរយៈពេល ៥ ឆ្នាំថ្មីៗនេះ។
យោងតាមទីភ្នាក់ងារវិនិយោគបរទេសក្រោមក្រសួងផែនការ និងវិនិយោគ គោលដៅវិនិយោគសំខាន់ៗនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២៣ រួមមានទីក្រុងហូជីមិញ ហាយផុង ក្វាងនិញ បាក់ង៉ាង ហាណូយ បាក់និញ ប៊ិញឌឿង និងដុងណៃ។
ក្នុងឆ្នាំ២០២៣ វិនិយោគិនបរទេសបានវិនិយោគក្នុងវិស័យសេដ្ឋកិច្ចចំនួន ១៨ ក្នុងចំណោម ២១ នៅក្នុងប្រទេស ដោយផ្នែកកែច្នៃ-ផលិតទទួលបាន ២៣,៥ ពាន់លានដុល្លារ ឬ ៦៤,២ ភាគរយនៃដើមទុន FDI សរុបកើនឡើង ៣៩,៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងឆ្នាំ២០២៣ ការវិនិយោគបរទេសទៅកាន់ប្រទេសវៀតណាម បានមកពីប្រទេស និងតំបន់ចំនួន ១១១ ដែលដឹកនាំដោយសិង្ហបុរី ដែលមានទឹកប្រាក់ជាង ៦,៩ ពាន់លានដុល្លារ ដែលស្មើនឹង ១៨,៦ ភាគរយនៃលំហូរ FDI សរុប៕
ប្រែសម្រួល ឈូក បូរ៉ា