ព័ត៌មានអន្តរជាតិ

បារាំង រកឃើញករណីផ្ទុះជំងឺគ្រុន ផ្តាសាយបក្សី នៅក្នុងខ្លួនសត្វទា ដែលបានទទួលការចាក់វ៉ាក់សាំង នៅក្នុងកសិដ្ឋានមួយ

AFP

ប៉ារីស៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤សាលាខេត្ត បានឲ្យដឹងថា ប្រទេសបារាំងបាន រកឃើញ ពីករណីផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សី ហៅកាត់ថា (HPAI) នៅក្នុងចំណោមហ្វូងសត្វទា ដែលបានទទួលការ ចាក់វ៉ាក់សាំង នៅក្នុងកសិដ្ឋានទាមួយកន្លែង នៅតំបន់ភាគខាងលិច នៃទីក្រុង Vendee ។
យោងតាមសាលាខេត្ត ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺគ្រុនផ្តាសាយបក្សី សត្វទាចំនួន៨.៧០០ក្បាលដែលត្រូវបានចាក់វ៉ាក់សាំង HPAI តាមការស្នើសុំរបស់រដ្ឋាភិបាលបារាំង កាលពីឆ្នាំមុន នឹងត្រូវនាំយកសម្លាប់ចោល ។

សេចក្តីប្រកាសព័ត៌មានមួយបានដាក់ថា “ដើម្បីជៀសវាងហានិភ័យ នៃការរីករាលដាលមេរោគទៅកាន់ កសិដ្ឋានផ្សេងទៀត ខេត្ត Vendee បានអនុម័តលើកច្បាប់ កំណត់តំបន់ការពារដែលមានការគ្រប់គ្រង និងតំបន់ឃ្លាំមើលដែលត្រូវបានបង្កើត ឡើងរៀងៗខ្លួនក្នុងរង្វង់៣ និង១០គីឡូម៉ែត្រជុំវិញទីតាំង ដែលមានមេរោគ” ។

បើទោះបីជាសត្វទា ត្រូវបានចាក់វ៉ាក់សាំង HPAI ក៏ដោយ ក៏សាលាខេត្តបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ មិនអាចលុបបំបាត់ហានិភ័យ នៃការឆ្លងនៅក្នុងហ្វូងសត្វបក្សី បានទាំងស្រុងឡើយ ប្រសិនបើមេរោគត្រូវបានឆ្លងរាលដាលទៅក្នុងកសិដ្ឋាន ។

ក្រសួងកសិកម្ម របស់ប្រទេសបារាំង បានបញ្ជាក់ឲ្យដឹងថា ការផ្ទុះជំងឺ HPAI សរុបចំនួន៧លើកត្រូវបានបញ្ជាក់នៅក្នុងប្រទេសបារាំង គិតចាប់តាំងពីថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំមុន ដែលជាកាលបរិច្ឆេទនៃការផ្ទុះជំងឺ HPAI លើកដំបូងចាប់តាំងពីរដូវស្លឹកឈើជ្រុះឆ្នាំ២០២៣ ។

ប្រទេសបារាំង បានបង្កើនស្ថានភាពប្រុងប្រយ័ត្ន សម្រាប់ជំងឺផ្តាសាយបក្សី កាលពីខែធ្នូឆ្នាំមុនពីកម្រិតមធ្យម ទៅកម្រិតខ្ពស់នៅទូទាំងប្រទេស ក្រោយពីការបញ្ជាក់ពីការចម្លងរោគ នៃកសិដ្ឋានចិញ្ចឹមសត្វមាន់ តួកគីដោយរកឃើញមានជំងឺ HPAI នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top