ព័ត៌មានអន្តរជាតិ

លោក ឆាយ ឫទ្ធិសែន ណែនាំមន្ត្រីបច្ចេកទេស សិក្សាកែលម្អផ្លូវ ក្រាលក្រួសក្រហម មួយខ្សែ នៅស្រុកបរិបូណ៌ទៅជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចុះត្រួតពិនិត្យ ការស្តារផ្លូវក្រាលក្រួសក្រហមមួយខ្សែ ប្រវែង ៣ ៥០០ ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅកាន់ភូមិចំនួន៣ ភូមិត្រពាំងចាន់ និងភូមិសន្លុង ឃុំត្រពាំងចាន់ និងភូមិទឹកជ្រាប់ ឃុំពេជចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចំនួន ២ ៥០០ គ្រួសារ ស្មើនឹង ១០ ១១៣នាក់ ប្រើប្រាស់ក្នុងការធ្វើដំណើរប្រចាំថ្ងៃ ទៅប្រកបមុខរបរ ផ្គត់ផ្គង់ជីវភាព និង ទទួលសេវាសាធារណៈផ្សេងៗ។

ក្រោយពិនិត្យឃើញពីស្ថានភាព និងសក្តានុពលនៃផ្លូវនេះ លោករដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីបច្ចេកទេស ធ្វើការសិក្សាកែលម្អផ្លូវនេះឡើងវិញ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ដើម្បីឆ្លើយតបទៅនឹង តម្រូវការ ក៏ដូចជាចូលរួមលើកកម្ពស់ សេដ្ឋកិច្ចប្រជាពលរដ្ឋ និងសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទៅកាន់ទីអារាម វត្តគម្រាបរុក្ខារាមផងដែរ ៕

To Top