ព័ត៌មានអន្តរជាតិ

សេតវិមានថា កូរ៉េខាងជើងបានផ្គត់ផ្គង់ មីស៊ីលផ្លោងឱ្យរុស្ស៊ី ដើម្បីប្រឆាំងនឹងអ៊ុយក្រែន

Xinhua

បរទេស៖ សេតវិមានបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើងថ្មីៗនេះបានបញ្ជូនមីស៊ីលផ្លោង និងជើងទម្របាញ់រ៉ុក្តែត ទៅកាន់ប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាម របស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ថា អ្នកនាំពាក្យក្រុមប្រឹក្សា សន្តិសុខជាតិ របស់អាមេរិក លោក John Kirby បានប្រាប់អ្នកយកព័ត៌មានថា “នេះគឺ ជាការកើនឡើងដ៏សំខាន់ និងពាក់ព័ន្ធនឹងការកើនឡើង” ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិកនឹងលើកបញ្ហានេះ ជាមួយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ។

ដោយលើកឡើងពីការស៊ើបការណ៍ សម្ងាត់ដែល ទើបនឹងកំណត់ថ្មី លោក Kirby បាននិយាយថា កងកម្លាំងរុស្ស៊ី បានបាញ់បង្ហោះយ៉ាងហោចណាស់ មីស៊ីលដែលផ្គត់ផ្គង់ដោយកូរ៉េខាងជើងកាលពីថ្ងៃទី៣០ ខែធ្នូ ដែលបានធ្លាក់នៅទីវាលក្នុងតំបន់ Zaporizhzhia នៃប្រទេសអ៊ុយក្រែន។

លោកបាននិយាយថា បន្ទាប់មករុស្ស៊ីបានបាញ់មីស៊ីលផ្លោង “ជាច្រើន” ចូលទៅក្នុងអ៊ុយក្រែន ដែលជាផ្នែកនៃការវាយប្រហារតាមអាកាសដ៏ធំ កាលពីថ្ងៃអង្គារ ដែលជាការវាយលុកដ៏ធំបំផុត មួយនៃសង្រ្គាម ដែលឥឡូវនេះជិតដល់រយៈពេលពីរឆ្នាំហើយ។

លោក Kirby បាននិយាយទៀតថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងលើកឡើង ពីការដឹកជញ្ជូនអាវុធ នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រោះនេះវាតំណាងឱ្យការរំលោភ លើទណ្ឌកម្មរបស់អង្គការ សហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើង។

លោកបានបន្តថា រុស្ស៊ីក៏មានបំណងទិញ មីស៊ីលពីប្រទេសអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។ យ៉ាងណាក៏ដោយ ទាំងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ធ្លាប់បានបដិសេធការចោទ ប្រកាន់ទៅលើការ បញ្ជូនអាវុធនេះផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top