ព័ត៌មានអន្តរជាតិ

Update៖ អ៊ីស្រាអ៊ែល ប្រកាសអំពីពេលវេលា នៃការដោះស្រាយ ខាងការទូត ជាមួយក្រុមសកម្មប្រយុទ្ធលីបង់ គឺរយៈពេលខ្លីប៉ុណ្ណោះ

យេរ៉ូសាឡឹម៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ថា លោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអ៊ែល បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ពេលវេលាសម្រាប់ដំណោះស្រាយ ការទូត ជាមួយក្រុមសកម្មប្រយុទ្ធ Hezbollah គឺមានរយៈពេលខ្លីប៉ុណ្ណោះ ។

លោក Gallant បានធ្វើការកត់សម្គាល់នៅក្នុងទីក្រុង Tel Aviv នៅគ្រាដែលបានជួបជាមួយលោក Amos Hochstein ទីប្រឹក្សាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដែលបានមកដល់ប្រទេសអ៊ីស្រាអ៊ែល កាលពីព្រឹកមិញ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង ដែលកំពុងកើនឡើងរវាងអ៊ីស្រាអ៊ែល និងក្រុមសកម្មប្រយុទ្ធលីបង់ ។

សេចក្តីថ្លែងការណ៍ ដែលចេញផ្សាយ ដោយការិយាល័យសារព័ត៌មានរបស់រដ្ឋាភិបាលអ៊ីស្រាអ៊ែល បានដាក់ថា បេសកជនអាមេរិកក្នុងអំឡុងពេលជួបជាមួយលោក Gallant និងមន្ត្រីយោធាជាន់ខ្ពស់ផ្សេងទៀត ត្រូវបានសង្ខេបអំពីស្ថានភាព សន្តិសុខនៅព្រំដែនភាគខាងជើង របស់អ៊ីស្រាអ៊ែល និងលក្ខខណ្ឌដែលតម្រូវដោយស្ថាប័នការពារជាតិ ដើម្បីជួយសម្រួលដល់ជនភៀសខ្លួន អ៊ីស្រាអ៊ែលជាង៨០.០០០នាក់ ឱ្យវិលត្រឡប់មកវិញប្រទេសរបស់ពួកគេវិញ ។

សេចក្តីថ្លែងការណ៍ ដែលចេញផ្សាយ ដោយកងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ (IDF) កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា កងទ័ពបានបន្តធ្វើការវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំងរបស់ក្រុម Hezbollah ជាច្រើននៅភាគខាងត្បូង នៃប្រទេសលីបង់ ។ គោលដៅរួមមាន ទីតាំងបាញ់គ្រាប់រ៉ុក្កែត ប៉ុស្តិ៍សង្កេតការណ៍ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលជាកម្មសិទ្ធិរបស់ក្រុមយោធាលីបង់ ។

បើយោងតាមកាសែត Jerusalem Post បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ឲ្យដឹងថា ក្នុងរយៈពេល៣ទៅ៤សប្តាហ៍ចុងក្រោយនេះ កងទ័ព IDF បានចាប់ផ្តើមវាយប្រហារទៅលើក្រុម Hezbollah “កាន់តែខ្លាំងឡើង និងជាទ្រង់ទ្រាយធំ” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top