ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ចាប់ខ្លួនមនុស្សចំនួន១១នាក់ ក្រោយពីមានពាក់ព័ន្ធ នឹងការបំផ្ទុះគ្រាប់បែក ផ្ទួនគ្នា នៅភាគអាគ្នេយ៍ប្រទេស

តេហរ៉ង់៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ថា ក្រសួងស៊ើបការណ៍សម្ងាត់ របស់អ៊ីរ៉ង់បានឲ្យដឹងកាលពីថ្ងៃសុក្រថា បានចាប់ខ្លួនមនុស្សចំនួន១១នាក់ នៅក្នុងខេត្តចំនួន៦ ពីបទសង្ស័យថា មានជាប់ពាក់ព័ន្ធ ក្នុងការបំផ្ទុះគ្រាប់បែកផ្ទួនគ្នា ដ៏សាហាវនៅក្នុងខេត្ត Kerman ដែលស្ថិតនៅភាគអាគ្នេយ៍ប្រទេស ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ខ្លួន ក្រសួងបានថ្កោលទោស “គ្រោះមហន្តរាយនេះជាអំពើភេរវកម្ម” ដែលបានកើតឡើង នៅជិតផ្នូររបស់ឧត្តមសេនីយ៍អ៊ីរ៉ង់ លោក Qassem Soleimani ក្នុងទីក្រុង Kerman កាលពីថ្ងៃពុធ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៨៩នាក់ និងបង្កឲ្យមានរបួស២៨០នាក់ ។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ចារកម្មអ៊ីរ៉ង់បានគ្រប់គ្រង ដើម្បីតាមដាន “ភេរវករ” រដ្ឋអ៊ីស្លាម ហៅកាត់ថា (IS) ភ្លាមៗក្រោយពីការវាយប្រហារ ហើយបានសហការ ជាមួយអង្គភាពសន្តិសុខ និងប៉ូលិសផ្សេងទៀត ដើម្បីកំណត់ អត្តសញ្ញាណជនសង្ស័យផ្សេងទៀត ដែលបានជួយដល់អ្នកបំផ្ទុះគ្រាប់បែក ។

នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ថា “ភេរវករធ្វើអត្តឃាត” ម្នាក់ក្នុងចំណោម “ភេរវករធ្វើអត្តឃាត” ២នាក់គឺជាជនជាតិ តាជិក (Tajik) ដោយកត់សម្គាល់ថា អត្តសញ្ញាណរបស់អ្នកផ្សេងទៀតមិនទាន់ត្រូវបានកំណត់នៅឡើយ ។

ក្រសួងខាងលើបានបញ្ជាក់ថា ប្រតិបត្តិការឃុំខ្លួនជាលើកដំបូង ត្រូវបានអនុវត្តកាលពីល្ងាចថ្ងៃពុធ ក្រោយពីកំណត់អត្តសញ្ញាណអ្នកដែលបានផ្ទេរ “ភេរវករ” ចូលទៅក្នុងប្រទេស ដោយបានឲ្យដឹងទៀតថា កន្លែងស្នាក់នៅរបស់ភេរវករមានទីតាំងនៅជាយក្រុង Kerman ហើយកាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ មានភ្នាក់ងារបម្រុង២នាក់ដែលបានផ្តល់កន្លែងស្នាក់នៅដល់អ្នកបំផ្ទុះគ្រាប់បែកដែលត្រូវបានចាប់ខ្លួន ។

ក្រោយមកទៀត ក្រុមស៊ើបការណ៍បានកំណត់ទីតាំង និងចាប់ខ្លួនសមាជិកបានចំនួន៩នាក់ផ្សេងទៀតនៃបណ្តាញបម្រុងទុក របស់“ក្រុមភេរវករ” នៅក្នុងខេត្តចំនួន៦ ៕

រូបភាព៖ Afp

ដោយ៖ ម៉ៅ បុប្ផាមករា

To Top