ព័ត៌មានអន្តរជាតិ

USAID បន្តផ្ដល់ជំនួយលើវិស័យអប់រំ និងបរិស្ថាន ដែលផ្តោតលើ ការអភិរក្សជីវៈចម្រុះ នៅកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកស្រី Samantha Power ប្រធានគ្រប់គ្រង ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានបញ្ជាក់ពីការបន្តផ្ដល់ជំនួយលើវិស័យអប់រំ និងបរិស្ថាន ដែលផ្តោតលើការអភិរក្សជីវៈចម្រុះ ការការពារប្រព័ន្ធអេកូឡូស៊ី និងការលើកកម្ពស់ជីវភាព សហគមន៍នៅកម្ពុជា ។

លោកស្រីប្រធានគ្រប់គ្រង់ USAID បានប្រាប់សម្តេចធិបតី នៅទីក្រុងដាវ៉ូស ប្រទេសស្វីស នាថ្ងៃទី១៧ ខែមករា ឆ្នា២០២៤នេះ ដោយបានលើកឡើង អំពីវឌ្ឍនភាពការងាររបស់ USAID នៅកម្ពុជា ពិសេសក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការការពារកុមារតូច តាមរយៈកិច្ចសហប្រតិបត្តិការរវាង USAID និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់កម្មវិធីអប់រំ អនាម័យ និងបរិក្ខាសិក្សា នៅតាមសាលារៀនសម្រាប់កុមារតូច។

លោកស្រី ក៏បានកោតសរសើរ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយអត្រាជំងឺឆ្លង និងកាត់បន្ថយអត្រាមរណភាព របស់ទារក និងកុមារតូចក្រោមអាយុ៥ឆ្នាំ ផងដែរ។

ក្នុងនោះលោកស្រី បានបញ្ជាក់ពីការបន្ត កិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងការបន្តការផ្ដល់ជំនួយ លើវិស័យអប់រំ និងបរិស្ថាន ដែលផ្តោតលើការអភិរក្សជីវៈចម្រុះ ការការពារប្រព័ន្ធអេកូឡូស៊ី និងការលើកកម្ពស់ជីវភាព សហគមន៍នៅកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយ ចំពោះគម្រោងកិច្ចសហប្រតិបត្តិការរបស់ USAID នៅកម្ពុជា នាពេលកន្លងមក និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយរបស់ USAID ដែលបានរួមចំណែកដល់ការអភិវឌ្ឍ និងការរីកចម្រើនសង្គម-សេដ្ឋកិច្ច របស់កម្ពុជា។

ជាមួយគ្នានោះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណ ចំពោះការសម្រេចចិត្ត របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការបន្តផ្តល់ជំនួយចំនួន ១៨ លានដុល្លារអាមេរិក តាមរយៈ USAID ដល់កម្ពុជា ក្នុងពេលសម្តេចធិបតី បានទទួលជួបពិភាក្សាការងារ ជាមួយនឹងលោកស្រី Victoria Nuland អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក នាឱកាសអញ្ជើញបំពេញទស្សនកិច្ចទៅចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិ នៅបុរីញូយ៉ក៕

To Top