ព័ត៌មានអន្តរជាតិ

ទីបំផុត ប៉ូឡូញ ព្រមបោះបង់ចោល ការទាមទារសំណង ១ពាន់ពាន់លានដុល្លារ ដែលខូចខាត ដោយសារពួក ណាស៊ី អាល្លឺម៉ង់

រូបភាពពី៖​ Sputnik

បរទេស៖ ​ប្រទេសប៉ូឡូញ បានទម្លាក់ចោលការទាមទាររបស់ខ្លួនចំពោះសំណងជាង១ពាន់ពាន់លានដុល្លារពីប្រទេសអាល្លឺម៉ង់ សម្រាប់ការខាតបង់ដែលបណ្តាលមកពីការកាន់កាប់របស់ពួកណាស៊ី ។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេស ប៉ូឡូញ លោក Radoslaw Sikorski ។ លោកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា បញ្ហានៃសំណងសង្គ្រាមលោកលើកទីពីរត្រូវបានបិទបញ្ចប់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Sikorski បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ TVP Infoថា “រដ្ឋមន្ត្រីមុនរបស់ខ្ញុំ Anna Fotyga បានឆ្លើយសំណួររបស់សភាជាច្រើនឆ្នាំមកហើយ។ ជាអកុសល សំណងមិនអាចទទួលបាន” ដោយលោកបានបន្ថែមថា ទីក្រុង “Potsdam បានសម្រេចចិត្តផ្ទុយពីនេះ” ។

ប្រទេសប៉ូឡូញបានធ្វើការអំពាវនាវម្តងហើយម្តងទៀតសម្រាប់សំណងនៅក្រោមរដ្ឋាភិបាលមុនរបស់ខ្លួនដោយទទូចថា ខ្លួនមិនដែលត្រូវបានសងវិញឱ្យបានត្រឹមត្រូវសម្រាប់ការខូចខាតដែលរងទុក្ខនៅក្នុងដៃរបស់ណាស៊ីអាល្លឺម៉ង់ នោះឡើយ។

កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ត្រូវបានសួរក្នុងអំឡុងកិច្ចប្រជុំរួមរបស់លោកជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz នៅទីក្រុងប៊ែកឡាំង អំពីបញ្ហាសំណងនេះដែរ។ លោកបាននិយាយថា ពាក្យ “សំណង” មិនត្រូវបានបង្ហាញនៅក្នុងកំណត់ត្រាដែលបានផ្ញើទៅអាជ្ញាធរអាល្លឺម៉ង់ដោយរដ្ឋាភិបាលប៉ូឡូញមុនទេ ហើយថា វាសំដៅទៅលើ “ប្រភេទសំណងមួយចំនួន” តែប៉ុណ្ណោះ ៕ ប្រែសម្រួលៈ ណៃ តុលា

To Top