បរទេស៖ ការលើកលែងទោសចុងក្រោយ របស់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលកំពុងរត់គេចខ្លួន នៅក្នុងបណ្តឹងមួយផ្សេងទៀតគឺ បាននាំឱ្យលោកស្រីកាន់តែខិតជិត ដល់ការវិលត្រឡប់មកប្រទេសវិញ, នេះបើយោងតាមអ្នកវិភាគនយោបាយរបស់ថៃ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា នាយកដ្ឋានសំណុំរឿងព្រហ្មទណ្ឌ របស់តុលាការកំពូលសម្រាប់ អ្នកកាន់តំណែងនយោបាយ កាលពីថ្ងៃចន្ទបានលើកលែងទោស ដល់លោកស្រី យីងឡាក់ និងមនុស្សប្រាំនាក់ផ្សេងទៀតពីបទក្លែងបន្លំ និងការឃុបឃិតក្នុងការផ្តល់រង្វាន់ដល់ យុទ្ធនាការដែលមានទឹកប្រាក់ចំនួន ២៤០ លានដុល្លារ ដើម្បីលើកកម្ពស់រដ្ឋាភិបាល របស់លោកស្រីលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលមានទឹកប្រាក់ ២ពាន់ពាន់លានបាត។
លោក ថាណាផន ស្រីយ៉ាគុល នាយកវិទ្យាស្ថានវិភាគនយោបាយ និងសាធារណៈបាននិយាយថា បទប្បញ្ញត្តិទាក់ទងនឹងការដោះលែង និងការឃុំខ្លួនអ្នកទោសនៅខាងក្រៅពន្ធនាគារ ដែលចេញដោយនាយកដ្ឋានកែប្រែ គឺនឹងផ្តល់ផលប្រយោជន៍ ដល់លោកស្រីយីងឡាក់។
លោកថា «ខ្ញុំជឿថា នេះនឹងជាកត្តាចម្បងដែលលោកស្រីយីងឡាក់ នឹងពិចារណានិងសម្រេចថាតើ វាជាពេលវេលាត្រឹមត្រូវក្នុងការ វិលត្រឡប់ទៅប្រទេសថៃឬអត់។
លោក ថាណាផន បាននិយាយដោយយោង ទៅលើករណីសន្យាទិញស្រូវថា “លោកស្រី យីងឡាក់ ត្រូវបានគេរំពឹងថានឹងអនុវត្តតាម សកម្មភាពដូចគ្នានឹងលោកថាក់ស៊ីន។ ប៉ុន្តែជាដំបូង លោកស្រីត្រូវតែបង្ហាញឆន្ទៈ ក្នុងការវិលត្រឡប់ចូលស្រុកវិញ និងប្រឈមមុខនឹងការដាក់ទណ្ឌកម្ម មុនពេលដំណើរការស្នើសុំការលើកលែងទោស ពីព្រះមហាក្សត្រ” ។
លោក ថាណាផន បានបន្តថា “ក្រោយមក វាអាស្រ័យលើក្រសួងយុត្តិធម៌ និងនាយកដ្ឋានកែប្រែ។ នេះប្រហែលជាពេលវេលាត្រឹមត្រូវ សម្រាប់ការត្រឡប់មកវិញរបស់លោកស្រី ដោយសាររដ្ឋាភិបាលមានស្ថិរភាព… ខ្ញុំជឿថា លោកស្រីនឹងត្រលប់មកផ្ទះវិញនៅឆ្នាំនេះ”។
តុលាការកាលពីថ្ងៃចន្ទបានបោះឆ្នោតជាឯកច្ឆ័ន្ទ ដោយសំឡេង ៩ទល់នឹង ០ ដើម្បីឲ្យរួចទោស។ តុលាការបានសម្រេចថា ខ្លួនមិនឃើញមានចេតនាចង់ អនុគ្រោះដល់ភាគីណាមួយក្នុងការអនុវត្តគម្រោង PR ទេ។ តុលាការក៏បានដកដីកាដែលបានចេញ កាលពីមុនសម្រាប់ការចាប់ខ្លួនលោកស្រីយីងឡាក់ ក្នុងករណីនេះផងដែរ។
លោកស្រី យីងឡាក់ និងអ្នកផ្សេងទៀត ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹង ការបែងចែកថវិកាចំនួន ២៤០ លានបាត ដើម្បីផ្តល់មូលនិធិដល់យុទ្ធនាការ “Roadshow to Thailand’s Future Thailand 2020” ដើម្បីលើកកម្ពស់គម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងឆ្នាំ ២០១៣ ៕
ប្រែសម្រួលៈ ណៃ តុលា