គៀវ ៖ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន និងការបំពេញទស្សនកិច្ច របស់សភាអឺរ៉ុបរបស់លោកស្រី Roberta Metsola ប្រធានសភា កាលពីថ្ងៃព្រហស្បតិ៍ ដោយបានពិភាក្សាគ្នា អំពីការធ្វើសមាហរណកម្មអឺរ៉ុប និងបញ្ហាសន្តិសុខ របស់ប្រទេសអ៊ុយក្រែនផងដែរ ។
បើយោងតាមសេវាសារព័ត៌មាន របស់ប្រធានាធិបតីបានឲ្យដឹងថា នៅក្នុងកិច្ចពិភាក្សានេះដែរ លោក Zelensky បានថ្លែងថា អ៊ុយក្រែនបានបំពេញ លក្ខខណ្ឌចាំបាច់ទាំងអស់ សម្រាប់ការចាប់ផ្តើមកិច្ចចរចាចូលជាសមាជិក ជាមួយសហភាពអឺរ៉ុបនៅខែក្រោយ ។
ចំណែកលោកស្រី Metsola បានថ្លែងយ៉ាងដូច្នេះថា លោកស្រីមាន សុទិដ្ឋិនិយមថា រដ្ឋជាសមាជិកសហភាពអឺរ៉ុប នឹងអនុម័តក្របខ័ណ្ឌចរចា សម្រាប់អ៊ុយក្រែននៅក្នុងខែមិថុនា ។
លោកស្រី Metsola បានសង្កត់ធ្ងន់ថា សភាអឺរ៉ុបនឹងជួយដល់អ៊ុយក្រែនក្នុង “គ្រប់មធ្យោបាយដែលអាចធ្វើទៅបាន” ដើម្បីផ្លាស់ទីតាមគន្លងរបស់អឺរ៉ុប ។
លោក Zelensky និងលោកស្រី Metsola ក៏បានពិភាក្សាអំពីស្ថានភាពនៅសមរភូមិ ក្នុងប្រទេសអ៊ុយក្រែន ការគាំទ្រផ្នែកការពាររបស់សហភាពអឺរ៉ុប (EU) សម្រាប់ក្រុងគៀវ និងសន្និសីទកម្រិតខ្ពស់ស្តីពីសន្តិភាព ដែលគ្រោងធ្វើនៅពាក់កណ្តាល ខែមិថុនានៅប្រទេសស្វីស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា