ព័ត៌មានអន្តរជាតិ

លោកពូទីនថា ទំនាក់ទំនងរុស្ស៊ី-ចិន មិនមែនជាការគំរាមកំហែង ដល់ប្រទេសដទៃឡើយ

RT News

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅពេលលោក ទៅដល់ទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ថា ទំនាក់ទំនងជិតស្និទ្ធរវាងរុស្ស៊ី និងចិន មិនគួរត្រូវបានចាត់ទុកថា ជាការគំរាមកំហែងប្រឆាំង នឹងប្រទេសណាមួយឡើយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា មេដឹកនាំរុស្ស៊ីបានធ្វើការអត្ថាធិប្បាយ ក្នុងពេលជួបជាមួយ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ។ ដំណើរទស្សនកិច្ចនេះ ជាដំណើរទស្សនកិច្ចនៅបរទេស លើកដំបូងរបស់លោកពូទីន ចាប់តាំងពីលោកបានស្បថ ចូលកាន់តំណែង ជាប្រធានាធិបតីអាណត្តិ ទីប្រាំកាលពីដើមខែនេះ ។

លោកពូទីនបាននិយាយថា “វាពិតជាសំខាន់ណាស់ ដែលទំនាក់ទំនងរុស្ស៊ី-ចិន ដែលមិនមែនជាទំនាក់ទំនងពិសេស និងមិនមានគោលបំណង ប្រឆាំងនឹងនរណាម្នាក់ទេ”។

ផ្ទាំងពាណិជ្ជកម្ម

លោកថា “កិច្ចសហប្រតិបត្តិការ របស់យើងក្នុងកិច្ចការពិភពលោក គឺជាកត្តាស្ថិរភាពដ៏សំខាន់ មួយនៅលើឆាកអន្តរជាតិ។ យើងរួមគ្នាការពារ គោលការណ៍យុត្តិធម៌ និងសណ្តាប់ធ្នាប់ពិភពលោកប្រជាធិបតេយ្យ ដោយផ្អែកលើការពិតពហុប៉ូល និងច្បាប់អន្តរជាតិ”។

ដំណើរទស្សនកិច្ចរបស់លោក ពូទីន ធ្វើឡើងចំពេលដែលភាពតានតឹង រវាងអង្គការណាតូនៅម្ខាង និងរុស្ស៊ី និងចិននៅម្ខាងទៀត ដោយរដ្ឋាភិបាលលោកខាងលិច បានចោទប្រកាន់ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងថា មានការឈ្លានពាន និងការបង្ខិតបង្ខំ៕
ប្រែសម្រួលៈ ណៃ តុលា

To Top