ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប បន្តស្វែងរកអ្នកធ្វើធម្មយាត្រា ដែលបាត់ខ្លួន នៅប្រទេសអារ៉ាប៊ីសាអូឌីត

AFP

គែរ ៖ ក្រសួងការបរទេសអេហ្ស៊ីប បានឲ្យដឹងថា ខ្លួនកំពុងសម្របសម្រួលយ៉ាងខ្លាំងក្លា ជាមួយអាជ្ញាធរអារ៉ាប៊ីសាអូឌីត ដើម្បីតាមដានពលរដ្ឋអេហ្ស៊ីប ដែលបានបាត់ខ្លួនក្នុងអំឡុង ពេលធ្វើធម្មយាត្រា Hajj ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានឲ្យដឹងថា ស្ថានទូតអេហ្ស៊ីបនៅទីក្រុងរីយ៉ាដ បានបញ្ជូនបេសកកម្មកុងស៊ុល ទៅកាន់ទីក្រុង Mecca និងទីសក្ការៈ Holy Sites ដើម្បីតាមដានការវិវត្ត នៃស្ថានភាពបច្ចុប្បន្ន និងបន្តស្វែងរកពលរដ្ឋអេហ្ស៊ីប ដែលបាត់ខ្លួនទាំងអស់ ដោយមានការសម្របសម្រួល ជាមួយអាជ្ញាធរអារ៉ាប៊ីសាអូឌីត ។

បេសកកម្មនេះកំពុងធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ដែលពលរដ្ឋអេហ្ស៊ីបមានវត្តមាន ដើម្បីពិនិត្យមើលស្ថានភាពរបស់ពួកគេ និងធានាថា ពួកគេទទួលបានការ ថែទាំវេជ្ជសាស្រ្តចាំបាច់។

ក្រសួងក៏បានឲ្យដឹងផងដែរថា ខ្លួនកំពុងចាត់វិធានការ ចាំបាច់ទាំងអស់ ដើម្បីធ្វើមាតុភូមិនិវត្តន៍សាកសពពលរដ្ឋ ដែលបានស្លាប់ដែលក្រុមគ្រួសារ បានស្នើសុំត្រឡប់ទៅអេហ្ស៊ីបវិញ ។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ស្ថានកុងស៊ុលអេហ្ស៊ីបនៅ Jeddah បានចាប់ផ្តើមបន្ទប់សង្គ្រោះបន្ទាន់ដែលដំណើរការ ២៤ម៉ោងក្នុងមួយថ្ងៃ ដើម្បីទទួលការហៅទូរស័ព្ទ ពីប្រជាពលរដ្ឋ ដែលបានបាត់បង់ទំនាក់ទំនងជាមួយគ្រួសារ របស់ពួកគេនៅក្នុងទីក្រុង Mecca, Medina ឬ Holy Sites៕
ប្រែសម្រួល ឈូក បូរ៉ា

To Top