បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បានទទួលស្គាល់ផ្នែកខ្លះ នៃហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់អ៊ុយក្រែន ពិតជារងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្សី ហើយបានអះអាងទៀតថា នេះគឺជាគោលដៅរយៈចម្ងាយឆ្ងាយ ដែលរុស្សីចង់បាន ។
ក្រសួងបាននិយាយនៅក្នុងការ ផ្តល់បទសំភាសជាប្រចាំ កាលពីថ្ងៃព្រហស្បតិ៍ថា៖ ប្រតិបត្តិការនេះត្រូវបានបញ្ជាឡើងដោយ ឆ្លើយតបទៅនឹងការប៉ុនប៉ង របស់របបក្រុងគៀវ ដើម្បីបំផ្លាញទីតាំងថាមពលរបស់រុស្ស៊ី និងបានកំណត់គោលដៅទីតាំងអ៊ុយក្រែន ដែលត្រូវបានប្រើប្រាស់សម្រាប់ការផលិតអាវុធ និងឧបករណ៍យោធាទៀតផង ។
ក្រុមហ៊ុនUkrenergo ដែលជាប្រតិបត្តិករគ្រប់គ្រង ដោយរដ្ឋនៃប្រព័ន្ធបញ្ជូនអគ្គិសនី បានរាយការណ៍ពីការខូចខាត នៅក្នុងផ្នែកជាច្រើន នៃប្រទេសរួមទាំងតំបន់ នៅក្នុងទីក្រុងគៀវផង។
ចាប់តាំងពីខែមករាមកកងកម្លាំង អ៊ុយក្រែនតែងតែព្យាយាមបំផ្លាញ រោងចក្រចម្រាញ់ប្រេង និងកន្លែងស្តុកទុករបស់រុស្ស៊ី ដោយប្រើយន្តហោះគ្មានមនុស្សបើក kamikaze រយៈចម្ងាយឆ្ងាយជាច្រើន។
ជាការឆ្លើយតបប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin បានដាក់បញ្ជាឲ្យទីក្រុងមូស្គូ បង្កើន ការវាយប្រហារប្រឆាំងនឹង ហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន ហើយប្រតិបត្តិការបែបនេះបានចាប់ផ្តើម ក្នុងពេលដែលអាកាសធាតុក្តៅល្មម សម្រាប់ការដាច់ភ្លើងមិនបង្កការគំរាមកំហែងផ្នែកមនុស្សធម៌ឡើយ៕
ប្រែសម្រួល៖ស៊ុនលី