ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំងថា បណ្តាប្រទេសអ្នកមាន ព្រួយបារម្ភអំពីជោគវាសនា នៃទ្រព្យសម្បត្តិ របស់រុស្ស៊ីដែលបង្កក

RT News

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា ការប៉ុនប៉ងរបស់លោកខាងលិច ក្នុងការរឹបអូសទ្រព្យសម្បត្តិ របស់រុស្ស៊ី គឺកំពុងធ្វើឱ្យខូច ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ និងបង្កឱ្យមានការព្រួយបារម្ភ នៅក្នុងប្រទេសដទៃទៀត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Dmitry Peskov បានធ្វើអត្ថាធិប្បាយ បន្ទាប់ពីរបាយការណ៍មួយ កាលពីសប្តាហ៍មុន ដោយសារព័ត៌មាន Bloomberg ដែលអះអាងថា ប្រទេស អារ៉ាប៊ីសាអូឌីត បានគំរាមលក់ភាគហ៊ុន បំណុលមួយចំនួននៅអឺរ៉ុប របស់ខ្លួន ប្រសិនបើក្រុមប្រទេសទាំងប្រាំពីរ (G7) បន្តផែនការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី។

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលជាសមាជិកទាំងពីរនៃ G7 បានបង្កកទ្រព្យសម្បត្តិអធិបតេយ្យភាពជិត ៣០០ ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលរបស់រុស្ស៊ី ដែលជាផ្នែកមួយ នៃការដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ ជុំវិញជម្លោះនៅអ៊ុយក្រែន។ កាលពីខែមុន សហភាពអឺរ៉ុបបានសម្រេចប្រើការប្រាក់ខ្លះ ដែលបានបង្កើតដោយមូលនិធិ ដើម្បីផ្តល់ជំនួយយោធាដល់ក្រុងគៀវ។

សារព័ត៌មាន Bloomberg បានស្នើថា ក្រុមប្រទេសG7 បានបោះបង់ចោលផែនការរឹបអូសយកមូលនិធិភ្លាមៗ បន្ទាប់ពី “ការគំរាមកំហែងដោយបិទបាំង” ពីទីក្រុងរីយ៉ាដ ។

លោក Peskov ត្រូវបានសារព័ត៌មាន TASS ដកស្រង់សម្តីថា “យើងបានព្រមានជាយូរមកហើយថា ការប៉ុនប៉ងខុសច្បាប់ ដើម្បីប្លន់សហព័ន្ធរុស្ស៊ី ដើម្បីដកហូតកម្មសិទ្ធិរបស់យើងនឹង ធ្វើឱ្យមានការខូចខាតយ៉ាងខ្លាំង ដល់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ហើយនឹងធ្វើឱ្យប្រទេសធំនិងអ្នកមានជាច្រើន មានអារម្មណ៍ព្រួយបារម្ភអំពីជោគវាសនា នៃការកាន់កាប់របស់ពួកគេនៅបរទេស។ នោះហើយជាអ្វីដែលកំពុងកើតឡើងឥឡូវនេះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top