ព័ត៌មានអន្តរជាតិ

អ្នកការទូតកំពូល របស់អ៊ុយក្រែន នឹងធ្វើទស្សនកិច្ច ទៅកាន់ប្រទេសចិន ពិភាក្សាលើវិធីបញ្ចប់សង្រ្គាម

AFP

បរទេស ៖ អ្នកការទូតកំពូល របស់អ៊ុយក្រែន នឹងធ្វើទស្សនកិច្ច ទៅកាន់ប្រទេសចិន នៅថ្ងៃអង្គារ តាមការអញ្ជើញ របស់ទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សា ដែលទីក្រុងគៀវ បាននិយាយថា នឹងផ្តោតលើវិធីបញ្ចប់ សង្រ្គាមរបស់ រុស្ស៊ីនៅអ៊ុយក្រែន និងលើតួនាទីរបស់ចិន ដែលអាចធ្វើទៅបាន ក្នុងការឈានដល់ ការដោះស្រាយមួយ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយថា រយៈពេលជិត ២៩ ខែចាប់តាំងពីការឈ្លានពាន ពេញលេញរបស់រុស្ស៊ី រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីនៅក្នុងកិច្ចពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ក្នុងដំណើរទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៥ ខែកក្កដា។

ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ នៅលើគេហទំព័រ របស់ខ្លួនថា “ប្រធានបទសំខាន់ នៃការពិភាក្សានឹងជាការ ស្វែងរកមធ្យោបាយ ដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី និងតួនាទីដែលអាចធ្វើទៅ បានរបស់ប្រទេសចិន ក្នុងការសម្រេចបាននូវសន្តិភាពស្ថិរភាព និងយុត្តិធម៌” ។

ចំណែកសេចក្តីថ្លែងការណ៍របស់ចិនបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Kuleba នឹងដំណើរការចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែកក្កដា ហើយផ្តល់ព័ត៌មាន លម្អិតតិចជាងអ៊ុយក្រែន។

ការធ្វើដំណើរទស្សនកិច្ចនេះគឺមិនធម្មតានោះទេ ខណៈដែលប្រទេសចិន ត្រូវបានគេមើលឃើញ យ៉ាងទូលំទូលាយថា ស្និទ្ធនឹងវិមានក្រឹមឡាំង ដែលទីក្រុងប៉េកាំង បានប្រកាសភាពជាដៃគូ “គ្មានដែនកំណត់” ក្នុងឆ្នាំ ២០២២ ប៉ុន្មានថ្ងៃមុនពេលការឈ្លានពាន របស់រុស្ស៊ីលើអ៊ុយក្រែន។

ទោះបីជាមហាអំណាច សេដ្ឋកិច្ចទីពីរ របស់ពិភពលោក (ចិន) មិនបានថ្កោលទោស ការលុកលុយរបស់រុស្ស៊ី និងបានជួយរក្សា សេដ្ឋកិច្ចសង្រ្គាមរបស់រុស្ស៊ី ឱ្យស្ថិតស្ថេរក៏ដោយ ក៏ទីក្រុង បានប្រុងប្រយ័ត្នក្នុងការរិះគន់ទីក្រុងប៉េកាំង។

ទន្ទឹមនឹងនោះ ចិននិយាយថា ទំនាក់ទំនងរបស់ខ្លួន ជាមួយរុស្ស៊ីត្រូវ បានកសាងឡើង ដោយឈរលើមូលដ្ឋាន នៃការមិនចងសម្ព័ន្ធភាព ហើយមិនកំណត់គោលដៅភាគី ទីបីណាមួយឡើយ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top