បរទេស៖ យោងតាមការចេញផ្សាយរបស់ RTរដ្ឋាភិបាលទីក្រុងប៉េកាំង បានព្រមានទីក្រុងម៉ានីលប្រឆាំងនឹង ការធ្វើជាម្ចាស់ផ្ទះស្តុកប្រព័ន្ធមីស៊ីល រយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសនេះ ដោយបញ្ជាក់ថា ទីបំផុតវាអាចបង្កឱ្យមាន ការប្រណាំងប្រជែងអាវុធ នៅក្នុងតំបន់។
ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃសៅរ៍ ខណៈដែលលោកបានជួប ជាមួយសមភាគីហ្វីលីពីន លោក Enrique Manalo នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
លោក Wang បាននិយាយថា ហ្វីលីពីន និងចិនកំពុងប្រឈមមុខនឹងការលំបាកយ៉ាងធ្ងន់ធ្ងរ និងប្រថុយប្រថានដល់ទំនាក់ទំនងកាន់តែតានតឹង ចាប់តាំងពីទីក្រុងម៉ានីលបាន បំពានម្តងហើយម្តងទៀតនូវការ យល់ស្របរបស់ភាគីទាំងពីរ និងការប្តេជ្ញាចិត្តរបស់ខ្លួន។
លោករដ្ឋមន្ត្រីការបរទេសរូបនេះបានបន្ថែមថា ការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម របស់អាមេរិកគឺជាការព្រួយបារម្ភ ជាពិសេសសម្រាប់ក្រុងប៉េកាំង។
លោក Wang បានបន្តព្រមានទៀតថា៖ ប្រសិនបើហ្វីលីពីនណែនាំប្រព័ន្ធមីស៊ីល រយៈចម្ងាយមធ្យមរបស់អាមេរិក វានឹងបង្កើតភាពតានតឹង និងការប្រឈមមុខគ្នានៅក្នុងតំបន់ និងបង្កឱ្យមានការប្រណាំងអាវុធ ដែលមិនសមស្របនឹងផលប្រយោជន៍ និងបំណងប្រាថ្នារបស់ ប្រជាជនហ្វីលីពីនជាមិនខាន ៕
ប្រែសម្រួល៖ ស៊ុន លី