តូក្យូ៖ ប្រទេសជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈជាមួយអ៊ុយក្រែន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងស្វែងរកការកែទម្រង់ប្រព័ន្ធតុលាការ ដែលជាការកត់សម្គាល់ដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីយុត្តិធម៌របស់ប្រទេសអាស៊ីទៅកាន់ទីក្រុងគៀវ។
អំពើពុករលួយ គឺជាបញ្ហាចម្បងមួយ ដែលអ៊ុយក្រែនមានគោលបំណងកែលម្អ ខណៈដែលប្រទេសនេះចង់ចូលរួមជាមួយសហភាពអឺរ៉ុប ដោយក្នុងនោះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន លោក Ryuji Koizumi បានសម្តែងនូវឆន្ទៈក្នុងការសហការជាមួយសមភាគីអ៊ុយក្រែន លោក Denys Maliuska ក្នុងវិស័យច្បាប់។
មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន ដែលមានកំណត់ត្រាមួយក្នុងការលើកកម្ពស់គំនិតផ្តួចផ្តើមប្រឆាំងអំពើពុករលួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គ្រោងនឹងជួយលើកកម្ពស់ទេពកោសល្យរបស់មនុស្ស សម្រាប់តួនាទីព្រះរាជអាជ្ញា និងតុលាការនៅក្នុងប្រទេសអ៊ុយក្រែន។
កាលពីឆ្នាំមុន ប្រទេសជប៉ុន បានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីយុត្តិធម៌នៃក្រុមសេដ្ឋកិច្ចទាំង៧ ដើម្បីបង្កើតក្រុមការងារប្រឆាំងអំពើពុករលួយសម្រាប់ទីក្រុងគៀវ ដែលធ្វើការក្នុងក្របខ័ណ្ឌអន្តរជាតិ ដើម្បីគាំទ្រដល់ការកសាងឡើងវិញរបស់អ៊ុយក្រែន បន្ទាប់ពីវាត្រូវបានឈ្លានពានដោយរុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២។
កាលពីខែមិថុនា ខណៈពេលដែលកិច្ចប្រជុំនៅប្រទេសអ៊ីតាលី នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ សម្រាប់ទីក្រុងតូក្យូក្នុងការផ្តល់ជំនួយរយៈពេលវែងដល់ទីក្រុងគៀវ លើវិស័យដូចជាការប្រឆាំងអំពើពុករលួយ៕
ប្រែសម្រួល ឈូក បូរ៉ា