ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើកការវាយប្រហារទីក្រុងផែសមុទ្រ នៅប្រទេសយេមែន សម្លាប់មនុស្សអស់ ៤នាក់

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ៊ីស្រាអែលបានបើកការវាយប្រហារ ទៅលើទីក្រុងកំពង់ផែ Hodeidah ប្រទេសយេមែនកាលពីថ្ងៃអាទិត្យ ដោយផ្តោតលើរោងចក្រថាមពល និងស្ថានីយប្រេង។

ប្រភពដដែលបានឲ្យដឹងទៀតថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាងថា គ្រឿងបរិក្ខារត្រូវបានប្រើប្រាស់ ដោយក្រុមប្រដាប់អាវុធ Houthi ដែលមានមូលដ្ឋាននៅយេមែន ហើយនិងបន្តប្រើប្រាស់ទីតាំងនោះ ជាកន្លែងដឹកជញ្ជូនចេញនូវអាវុធរបស់អ៊ីរ៉ង់ ទៅកាន់ប្រទេសក្នុងតំបន់ ។

IDF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការនេះគឺជាការសងសឹកចំពោះ ការវាយប្រហារនាពេលថ្មីៗនេះប្រឆាំងនឹងអ៊ីស្រាអែល ដែលធ្វើឡើងដោយ របបភេរវករក្រុម Houthi ដែលគ្រប់គ្រងភាគច្រើន នៃភាគពាយ័ព្យនៃប្រទេសយេមែន។

យោធាអ៊ីស្រាអែលបានអះអាងថា គោលដៅរួមមានរោងចក្រថាមពល និងកំពង់ផែសមុទ្រមួយ ដែលត្រូវបានប្រើប្រាស់ដោយក្រុម Houthis ដើម្បីផ្ទេរអាវុធអ៊ីរ៉ង់ទៅកាន់តំបន់ បន្ថែមពីលើការផ្គត់ផ្គង់យោធា និងប្រេងផងដែរ។

គួរឲ្យដឹងដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក្រុម Houthis បានបង្កើនការវាយប្រហារ របស់ពួកគេប្រឆាំងនឹងអ៊ីស្រាអែល ដោយបានបាញ់ម្តងហើយម្តងទៀត នូវមីស៊ីលជាច្រើនគ្រាប់មកលើទីតាំងរបស់ខ្លួន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top