ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូត អ៊ីស្រាអែល ៖ ការប្រៀបធៀបតំបន់ហ្គាហ្សា ទៅនឹងជប៉ុន ក្រោយសង្គ្រាម លោកលើកទីពីរ គឺគួរឲ្យស្អប់ខ្ពើម និងគ្មានមូលដ្ឋាន

kyodo

យេរ៉ូសាឡឹម៖ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំប្រទេសជប៉ុន បានរិះគន់ការកត់សម្គាល់ របស់សហប្រធានអង្គការ Nihon Hidankyo ដែលជាអង្គការលេចធ្លោ នៃអ្នករស់រានមានជីវិត ពីគ្រាប់បែកបរមាណូ និងអ្នកទទួលរង្វាន់ណូបែល សន្តិភាពឆ្នាំនេះ ដែលបានប្រៀបធៀបតំបន់ហ្គាហ្សា របស់ប៉ាឡេស្ទីន ទៅនឹងប្រទេសជប៉ុន បន្ទាប់ពីសង្គ្រាមលោកលើកទី២ ដោយហៅការប្រៀបធៀបថា “គួរឱ្យស្អប់ខ្ពើម និង​គ្មាន​មូលដ្ឋាន” ។

លោក Gilad Cohen កាលពីថ្ងៃសៅរ៍បានអបអរសាទរក្រុម សម្រាប់ពានរង្វាន់របស់ពួកគេនៅលើ X ដែលជាអតីតបណ្ដាញ Twitter ប៉ុន្តែបានរិះគន់ការ អត្ថាធិប្បាយ ដែលធ្វើឡើងដោយលោក Toshiyuki Mimaki កាលពីថ្ងៃសុក្រដោយកត់ សម្គាល់ថា ការប្រៀបធៀប “បំភ្លៃប្រវត្តិសាស្ត្រ និងធ្វើឱ្យខូចកិត្តិយសជនរងគ្រោះ” ។

លោក Mimaki ដែលជាប្រធានសហព័ន្ធ នៃខេត្តហ៊ីរ៉ូស៊ីម៉ា នៃអង្គការជនរងគ្រោះដោយគ្រាប់បែកបរមាណូ បានឲ្យដឹងនៅក្នុងសន្និសីទសារ ព័ត៌មានមួយកាលពីថ្ងៃសុក្រ បន្ទាប់ពីការប្រកាសណូបែលថា ស្ថានភាពនៅតំបន់ហ្គាហ្សាដែល “កុមារកំពុងហូរឈាមច្រើន ធ្វើឱ្យខ្ញុំនឹកឃើញដល់ប្រទេសជប៉ុនកាលពី ៨០ឆ្នាំមុន” ។

ការថ្លែងរបស់លោកធ្វើឡើងនៅពេលដែលអ៊ីស្រាអែល ប្រឈមមុខនឹងការរិះគន់ជុំវិញទំហំនៃការស្លាប់ និងរបួសរបស់ជនស៊ីវិល និងស្ថានភាព មនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា ដែលបណ្តាលមកពីការវាយលុក របស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ កាលពីថ្ងៃទី០៧ ខែតុលាឆ្នាំមុន។

គណៈកម្មាធិការណូបែលន័រវេសបានផ្តល់រង្វាន់ដល់លោក Hidankyo នូវរង្វាន់សន្តិភាពឆ្នាំ២០២៤ កាលពីថ្ងៃសុក្រ “សម្រាប់ការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីសម្រេចបាន នូវពិភពលោកដែល គ្មានអាវុធនុយក្លេអ៊ែរ និងសម្រាប់ការបង្ហាញតាមរយៈការផ្តល់សក្ខីកម្មរបស់សាក្សីថា អាវុធនុយក្លេអ៊ែរមិនត្រូវប្រើម្តងទៀតឡើយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top