តូក្យូ ៖ ខណៈពេលដែលបញ្ហាជុំវិញ ការផ្តល់មូលនិធិផ្នែកនយោបាយ គឺជាចំណុចស្នូល នៃការបោះឆ្នោតសភា តំណាងរាស្រ្តរបស់ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ អ្នកបោះឆ្នោត ជាច្រើនក៏បានមើលឃើញវិធានការ ដើម្បីដោះស្រាយការកើនឡើង តម្លៃរស់នៅជាអាទិភាព បន្ទាន់មួយ។
នៅទីក្រុង Osaka ភាគខាងលិច លោក Toma Ariyama អាយុ ២៣ឆ្នាំបានបោះឆ្នោតឱ្យបេក្ខជនគណបក្ស ប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច បើទោះបីជាមានការខឹងសម្បារ ជាសាធារណៈចំពោះរឿងអាស្រូវ មូលនិធិនយោបាយដ៏ច្រើនសន្ធឹកសន្ធាប់ ដែលកំពុងឆាបឆេះគណបក្សមួយនេះក៏ដោយ។
លោក Ariyama ដែលធ្វើការឱ្យក្រុមហ៊ុនម្ហូបអាហារបានកោតសរសើរ ចំពោះគោលនយោបាយ សេដ្ឋកិច្ចរបស់ LDP ដែលមានគោលបំណង ជួយដល់អាជីវកម្ម ដែលប្រឈមនឹងការ ចំណាយកើនឡើង “ជាជាងការកាត់ពន្ធលើការលក់ និង ការចែកសាច់ប្រាក់” ដែលស្នើឡើងដោយ គណបក្សប្រឆាំងជាច្រើន ។
LDP របស់នាយករដ្ឋមន្ត្រីលោក Shigeru Ishiba បានទទួលរងផល ប៉ះពាល់យ៉ាងខ្លាំងដោយការបង្ហាញដែលថា សមាជិកបក្សកាន់អំណាចមួយ ចំនួនមានរបាយការណ៍មិនគ្រប់គ្រាន់ ពីព្រឹត្តិការណ៍រៃអង្គាសប្រាក់ ។
វាបានប្រឈមមុខនឹងការប្រតិកម្មបន្ថែមទៀតបន្ទាប់ពីខ្លួនបានទទួលស្គាល់ថា បានផ្តល់មូលនិធិសម្រាប់ការបោះឆ្នោតដល់សាខាក្នុងស្រុករបស់ខ្លួន រួមទាំងអ្នកដែលដឹកនាំដោយបេក្ខជន ដែលការយល់ព្រម ពីគណបក្ស ត្រូវបានដកចេញដោយសារ តែការជាប់ពាក់ព័ន្ធរបស់ពួកគេ នៅក្នុងរឿងអាស្រូវនៃមូលនិធិ ដ៏ច្របូកច្របល់មួយនេះ ។
លោក Takaya Fukao អាយុ ៣៦ ឆ្នាំជាអ្នករស់នៅ Tsu រដ្ឋធានីនៃខេត្ត Mie ភាគកណ្តាលប្រទេសជប៉ុន បានជ្រើសរើសបេក្ខជន មកពីគណបក្សប្រជាធិបតេយ្យរដ្ឋ ធម្មនុញ្ញជប៉ុន ដែលជាគណបក្សប្រឆាំង ដ៏សំខាន់ដោយជឿថា បក្សនេះនឹងអាចគាំទ្រយុវជននិងគ្រួសារ ដែលមានកូនកាន់តែប្រសើរនៅពេលប្រទេសជប៉ុន កំពុងប្រឈមនឹងការ ថយចុះចំនួនប្រជាជន៕
ប្រែសម្រួល ឈូក បូរ៉ា