ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ចេញមកទទួលខុសត្រូវ ចំពោះការវាយប្រហារ ២ដងទៀត ប្រឆាំងក្រុមហេបូឡា នៅក្នុងទឹកដីស៊ីរី

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កងទ័ពអាកាសអ៊ីស្រាអែលបានអះអាងថា យន្តហោះចម្បាំងរបស់ខ្លួន បានទម្លាក់គ្រាប់បែកលើប្រទេសស៊ីរី ដោយកំណត់គោលដៅដែលរដ្ឋាភិបាលអ៊ីស្រាអែល ចាត់ទុកថាជាឃ្លាំងអាវុធរបស់ក្រុមហេសបូឡាក្នុងខេត្ត Homs និងជាបរិវេណស៊ើបការណ៍ នៅជិតក្រុងដាម៉ាសផងដែរនោះ។

អ្នកស្រុកបានរាយការណ៍ ពីការផ្ទុះនៅក្នុងទីប្រជុំជន Al-Qusayr កាលពីរសៀលថ្ងៃអង្គារ ដែលមានទីតាំងនៅជិត ព្រំដែនជាមួយប្រទេសលីបង់ និងភាគខាងត្បូងនៃទីក្រុង Homs ហើយកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាងថា គោលដៅគឺជាឃ្លាំងអាវុធ និងគ្រាប់រំសេវរបស់ក្រុមហេសបូឡា។

នៅព្រឹកថ្ងៃដដែល កងកម្លាំងអ៊ីស្រាអែលហៅកាត់ថាIDF បានបញ្ជាក់ថា យន្តហោះរបស់អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកនៅតំបន់ជុំវិញទីក្រុង Damascus តាំងតែពីល្ងាចថ្ងៃចន្ទ។

យោធា​អ៊ីស្រាអែល​បាន​អះអាង​ថា​បាន​សម្លាប់​ប្រធាន​ប្រតិបត្តិការ​ស៊ើបការណ៍​សម្ងាត់​របស់​ក្រុម​ហេសបូឡា​ក្នុង​ប្រទេស​ស៊ីរី គឺ​លោក Mahmoud Mohammed Shaheen។

កន្លងមកលោកShaheen ត្រូវបានគេចោទប្រកាន់ថា បានដំណើរការសាខាស៊ើបការណ៍សម្ងាត់របស់ Hezbollah នៅក្នុងប្រទេសស៊ីរី ហើយបានសម្របសម្រួលជាមួយអ៊ីរ៉ង់ និងរដ្ឋាភិបាលនៅទីក្រុង Damascusផងដែរ ។

បើយោង​តាម​យោធា​អ៊ីស្រាអែល ការ​កំណត់​គោលដៅ​លើ​ទិតាំង ​របស់​ក្រុម​ហេសបូឡា​ក្នុង​ប្រទេស​ស៊ីរី បាន​ចូល​រួម​ចំណែក​បន្ថែម​ទៀត​ដល់​ប្រតិបត្តិការ IDF នៅ​លីបង់ ដោយ​ធ្វើ​ឲ្យ​ខូច​សមត្ថភាព​ស៊ើបការណ៍របស់​ក្រុម​ហេសបូឡា ៕

ប្រែសម្រួល៖ ស៊ុន លី

To Top