ព័ត៌មានអន្តរជាតិ

អង់គ្លេស នៅ​តែ​ស្ថិត ​ក្នុង​គម្រោង​យន្តហោះ​ចម្បាំង​ ជំនាន់​ក្រោយ​ជាមួយ ​ជប៉ុន និង​អ៊ីតាលី

kyodo

ឡុងដ៌ ៖ ប្រភពស្និទ្ធនឹងបញ្ហានេះបានឲ្យដឹងថា រដ្ឋាភិបាលអង់គ្លេស បានសម្រេចចិត្តបន្តកម្មវិធី អភិវឌ្ឍន៍យន្តហោះចម្បាំងរួមគ្នា ជាមួយជប៉ុន និងអ៊ីតាលី បន្ទាប់ពីការពិនិត្យឡើងវិញ លើការចំណាយលើវិស័យការពារជាតិ ចំពេលមានការរំពឹងទុក ដែលថា ផែនការនេះអាចត្រូវបានលុបចោល ។

ប្រភពបានឲ្យដឹងថា រដ្ឋាភិបាលការងារក្រោមនាយករដ្ឋមន្រ្តីលោក Keir Starmer ឥឡូវនេះបានចាត់ទុក ផែនការនេះថា ជាគម្រោងការពារដ៏សំខាន់ ដែលមានសារៈសំខាន់សម្រាប់ ទំនាក់ទំនងការទូតជាមួយប្រទេសជប៉ុន និងអ៊ីតាលី និងសម្រាប់ការបង្កើត ការងារថ្មីៗជាច្រើន ។

រដ្ឋាភិបាលអង់គ្លេស នឹងពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រ ការពារជាតិរបស់ខ្លួន រហូតដល់ឆមាសទីមួយនៃឆ្នាំ២០២៥ ខណៈដែលខ្លួនក៏ចូលរួមផងដែរ ក្នុងការអភិវឌ្ឍនាវាមុជទឹកនុយក្លេអ៊ែរ សម្រាប់គម្រោង AUKUS ជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលី ក្តីបារម្ភបានកើតឡើង ចំពោះការចំណាយដ៏ច្រើន ដែលទាក់ទងនឹងការអភិវឌ្ឍន៍ យន្តហោះជំនាន់ក្រោយ។

ចាប់ពីឆ្នាំក្រោយ កម្មវិធីប្រយុទ្ធនឹងឈានចូលដំណាក់កាលថ្មី ដោយចាប់ផ្តើមជាមួយនឹងការ រចនាយន្តហោះទាំងស្រុង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

យន្តហោះ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ឆ្នាំ២០៣៥ ហើយ​នឹង​ត្រូវ​បាន​បំពាក់​ដោយ​បញ្ញា​សិប្បនិម្មិត និង ​បច្ចេកវិជ្ជា​បំបាំងកាយ​ដ៏​ទំនើប។

លោក Masami Oka អតីតអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន ទទួលបន្ទុកកិច្ចការអន្តរជាតិ ត្រូវបានតែងតាំងឲ្យដឹកនាំអង្គការអន្តរជាតិ ដែលនឹងគ្រប់គ្រងគម្រោងនេះ ហៅថា Global Combat Air Program ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top