អង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកហៅកាត់ថា APEC ជាយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចដែលមានកម្រិតខ្ពស់បំផុត គ្របដណ្តប់លើវិស័យធំទូលាយបំផុតនិងមានឥទ្ធិពលខ្លាំងបំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ APEC ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ការគាំទ្រចំពោះកំណើនជានិរន្តរភាពនិងវិបុលភាពនៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក , កសាងមហាគ្រួសារអាស៊ី-ប៉ាស៊ីហ្វិកដែលមានភាពរស់រវើកនិងចុះសម្រុងគ្នា និងគាំពារសេរីភាពនិងការបើកទូលាយផ្នែកពាណិជ្ជកម្មនិងការវិនិយោគនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។
យន្តការ APEC ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៨៩ ជាបណ្តុំនៃអង្គភាពសេដ្ឋកិច្ចជិត ៦០ ភាគរយនៃពិភពលោក ដែលមានទំហំពាណិជ្ជកម្មស្មើនឹងជិតពាក់កណ្តាលនៃទំហំពាណិជ្ជកម្មពិភពលោក ។ ជាពិសេសគឺអង្គភាពសេដ្ឋកិច្ចធំៗដូចជាចិន អាមេរិក ជប៉ុនជាដើមសុទ្ធតែជាសមាជិកនៃ APEC ដែលអាចនិយាយបានថា ជាអ្នកកាន់ចង្កូតនៃសេដ្ឋកិច្ចពិភពលោក ។
ជាក់ស្តែង គេសង្កេតឃើញថា មិនថាវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨ ឬវិបត្តិជំងឺរាតត្បាតសកលដើមឆ្នាំ២០២០ ក្តី ក៏សេដ្ឋកិច្ចនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានងើបឡើងវិញមុនគេ ។ ក្រៅពីនេះ ផ្អែកលើភាពធន់និងភាពរស់រវើករបស់ខ្លួន សេដ្ឋកិច្ចនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានដើរតួនាទីសំខាន់ជាប់រហូតមកក្នុងការលំនឹងកំណើនសេដ្ឋកិច្ចសកល ។ បើតាមទិន្នន័យស្ថិតិរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ( IMF ) ឱ្យដឹងថា ការរួមចំណែកនៃសេដ្ឋកិច្ចអាស៊ីសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកមានរហូតដល់ទៅ ៦០% អាចនិយាយបានថាជា«ក្បាលម៉ាស៊ីន»នៃកំណើនសេដ្ឋកិច្ចពិភពលោក និងជាតំបន់ដែលមានកម្លាំងសេដ្ឋកិច្ចរស់រវើកបំផុតលើពិភពលោក ។
អាស្រ័យហេតុនេះ គេសង្កេតឃើញថា បើទោះបីជាអាមេរិកដែលជាមហាអំណាចសេដ្ឋកិច្ចទីមួយលើពិភពលោកក៏បានបង្វែរយុទ្ធសាស្ត្រនិងគោលនយោបាយមករកតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីទាញយកផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចនៃតំបន់នេះ ពិសេសគឺបញ្ជ្រាបពីមនោគមវិជ្ជារបស់ខ្លួននិងប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយជាមួយប្រទេសចិន ។
យ៉ាងណាមិញ ក្នុងបរិបទនៃបម្រែបម្រួលនិម្មាបនកម្មពិភពលោកដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន បញ្ហាដែលយន្តការ APEC ត្រូវប្រឈមមិនត្រឹមតែជារឿងសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រពៃណីនោះទេ ដូច្នេះ កិច្ចប្រជុំកំពូល APEC ដែលបើកធ្វើនៅប្រទេសប៉េរូលើកនេះគឺត្រូវមូលមតិគ្នាដើម្បីស្វែករកដំណោះស្រាយចំពោះបញ្ហារអាក់រអួលផ្នែកខ្សែសង្វាក់ផ្តត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មសកល ជំរុញការប្រើប្រាស់ថាមពលស្អាតដើម្បីឆ្លើយតបការប្រែប្រួលអាកាសធាតុ និងជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន ដើម្បីទទួលបានកំណើនជានិរន្តរភាព ។
ក្រៅពីនេះ ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយបានបន្ថែមភាពស្មុគស្មាញដល់ស្ថានការណ៍ពិភពលោក យន្តការ APEC ដែលបានផ្តល់ជាវេទិកាសហប្រតិបត្តិការពហុភាគី មួយផ្នែកគឺជំរុញឱ្យប្រទេសជាសមាជិកអាចធ្វើការពិគ្រោះពិភាក្សានិងសម្របសម្រួលគ្នាអំពីបញ្ហាសេដ្ឋកិច្ចនិងសន្តិសុខ មួយផ្នែកទៀតគឺជំរុញតុល្យភាពរវាងការប្រកួតប្រជែងនិងកិច្ចសហប្រតិបត្តិការ ពោលគឺត្រូវគាំពារផលប្រយោជន៍ផ្ទាល់ខ្លួនផង ប៉ុន្តែក៏ត្រូវលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការផងដែរ ។
ក្នុងនាមជាសមាជិកសំខាន់នៃយន្តការ APEC ប្រទេសចិនបានដើរតួនាទីមិនអាចខ្វះបានក្នុងការជំរុញការអភិវឌ្ឍនៃ APEC ក៏ដូចជាសេដ្ឋកិច្ចពិភពលោក ។ តាមទិន្នន័យបង្ហាញថា នៅ ១០ ខែដើមឆ្នាំនេះ ទំហំនាំចេញ-នាំចូលរវាងប្រទេសចិនជាមួយបណ្តាអង្គភាពសេដ្ឋកិច្ច APEC ត្រូវជាជិត ៣ ទ្រីលានដុល្លារអាមេរិក ដែលជាកំណត់ត្រាថ្មី ហើយស្មើនឹង ៥៩.១% នៃទំហំនាំចេញ-នាំចូលក្នុងពេលដំណាលគ្នារបស់ប្រទេសចិន ។
ពិសេសការលើកឡើងនូវគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»របស់ចិន បានជំរុញការលើកកម្ពស់កម្រិតនៃការតភ្ជាប់គ្នារបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិកជាបន្តបន្ទាប់ ក្នុងនោះមានដូចជាផ្លូវដែកល្បឿងលឿនហ្សាការតា-បាឌុងរបស់ឥណ្ឌូណេស៊ី ផ្លូវដែកចិន-ឡាវ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុរបស់កម្ពុជាជាដើម សុទ្ធតែជាសមិទ្ធផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតរវាងប្រទេសចិនជាមួយប្រទេសក្នុងតំបន់ ។
ជារួម ស្ថានការណ៍ពិភពលោកកាន់តែស្មុគស្មាញ កិច្ចសហប្រតិបត្តិការនិងកិច្ចសន្ទនារវាងប្រទេសនានាកាន់តែមានសារៈសំខាន់ ។ ឆ្លងតាមរយៈយន្តការ APEC ថ្នាក់ដឹកនាំនៃអង្គភាពសេដ្ឋកិច្ចធំៗអាចអង្គុយនៅមុខតុចរចា ដើម្បីបង្កើនការយល់ដឹងនិងទំនុកចិត្តចំពោះគ្នា ក្នុងន័យរួមគ្នាជំរុញការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ។ យើងអាចជឿជាក់បានថា នៅថ្ងៃអនាគត យន្តការ APEC នឹងបន្តដើរតួនាទីសំខាន់សម្រាប់ជំរុញពហុភាគីនិយម ក៏ដូចជាលំនឹងនិងជំរុញកំណើនសេដ្ឋកិច្ចពិភពលោកជាក់ជាមិនខាន ៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន