ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់ និងគ្រោះបាក់ដីនៅឥណ្ឌូនេស៊ី បណ្តាលឲ្យស្លាប់មនុស្សរហូតដល់ ២០នាក់

AFP

ហ្សាការតា៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ ហៅកាត់ថា (BNPB) បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអង្គារថា មនុស្សសរុបចំនួន២០នាក់ បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងគ្រោះបាក់ដីដែលបានកើតឡើង នៅក្នុងខេត្តស៊ូម៉ាត្រាខាងជើង របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ។

លោក Abdul Muhari អ្នកនាំពាក្យរបស់ទីភ្នាក់ងារ BNPB បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “គិតត្រឹមថ្ងៃនេះ អ្នកស្លាប់រួមមាន ១០នាក់មកពី Karo Regency ហើយចំនួន៤នាក់មកពី Deli Serdang និង ៤នាក់មកពី Padang Lawas និង០២នាក់មកពី South Tapanuli” ។

គ្រោះមហន្តរាយផ្អែកតាមឧតុនិយម គឺបានកើតឡើងបន្ទាប់ពី មានភ្លៀងធ្លាក់ចុះខ្លាំងដែលបណ្តាលឱ្យ មានគ្រោះទឹកជំនន់ភ្លាមៗនៅ South Tapanuli និង Deli Serdang ក៏ដូចជាគ្រោះបាក់ដីនៅ Padang Lawas និង Karo កាលពីថ្ងៃសៅរ៍ ។

លើសពីនេះទៅទៀត ផ្ទះចំនួន៦ខ្នង ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះទឹកជំនន់ភ្លាមៗនៅ Deli Serdang និងគ្រោះបាក់ដីនៅ Karo រួមជាមួយនឹងការខូចខាតសាលារៀន និងកន្លែងគោរពបូជាមួយចំនួនផងដែរ ។

អាជ្ញាធរកំពុងតែវាយតម្លៃ ពីទំហំនៃការខូចខាត និងស្វែងរកអ្នកបាត់ខ្លួន ២នាក់នៅក្រុង Deli Serdang ។

ទីភ្នាក់ងារនេះបានជំរុញឱ្យ ប្រជាពលរដ្ឋរក្សាការប្រុងប្រយ័ត្ន ខណៈរដូវភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ឆ្នាំក្រោយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top