បេរូត៖ យោងតាមសេចក្តីថ្លែងការណ៍ របស់ទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បានជំរុញឱ្យមានការគាបសង្កត់លើអ៊ីស្រាអែល ឱ្យបញ្ឈប់ការរំលោភបំពានលើ កិច្ចព្រមព្រៀងឈប់បាញ់ ជាមួយក្រុមហេសបូឡា ។ លោក Mikati បានធ្វើការកត់សម្គាល់ក្នុង អំឡុងពេលសន្ទនា តាមទូរស័ព្ទជាមួយប្រធានាធិបតី បារាំងលោក អេម៉ានុយអែល ម៉ាក្រុង ក្នុងអំឡុងពេលដែលពួកគេបានពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសលីបង់ បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមានកាលពីព្រឹកថ្ងៃពុធ។
ក្នុងអំឡុងពេលសន្ទនា លោក Mikati បានសម្តែងការដឹងគុណចំពោះលោក ម៉ាក្រុង សម្រាប់ជំនួយរបស់លោកក្នុង “ការបញ្ឈប់ការឈ្លានពាន របស់អ៊ីស្រាអែល និងឈានដល់ការបទឈប់បាញ់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានកត់សម្គាល់ថា កងទ័ពលីបង់បានចាប់ផ្តើម បេសកកម្មនៅភាគខាងត្បូងតំបន់ Bekaa និងជាយក្រុងភាគខាងត្បូង នៃទីក្រុងបេរ៉ូត ជាមួយនឹងផែនការជំរុញការដាក់ពង្រាយរបស់ខ្លួននៅក្នុងផ្នែកភាគខាងត្បូង Litani ។ លោក Mikati បានលើកឡើងថា ការបំពានកាលពីថ្ងៃព្រហស្បតិ៍ នៃកិច្ចព្រមព្រៀងឈប់បាញ់ បានបណ្តាលឱ្យមានរបួស និងការខូចខាត យ៉ាងសំខាន់។
នៅក្នុងការរំលោភលើកិច្ច ព្រមព្រៀងលើកដំបូង ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល ទៅលើរថយន្តមួយនៅក្នុង ភូមិភាគអាគ្នេយ៍នៃទីក្រុង Markaba បានធ្វើឱ្យជនជាតិលីបង់ពីរនាក់រងរបួស នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានជាតិរបស់ប្រទេសលីបង់។
ប្រភពយោធាលីបង់បានប្រាប់ស៊ីនហួថា ក្រោយមក យន្តហោះដ្រូនរបស់ អ៊ីស្រាអែល បានវាយឆ្មក់លើការ ប្រមូលផ្តុំមួយនៅក្នុងភូមិ Taybeh ធ្វើឱ្យមនុស្សបួននាក់ផ្សេងទៀតរងរបួស ។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា ខ្លួនបានធ្វើការវាយប្រហារ ដោយយន្តហោះដ្រូន នៅភាគខាងត្បូង ប្រទេសលីបង់ នៅពេលព្រឹក ដោយពណ៌នាថា វាជាការបាញ់ព្រមានមួយ៕
ប្រែសម្រួល ឈូក បូរ៉ា