បរទេស៖ ចលនា Houthi ដែលគ្រប់គ្រងភាគច្រើននៃប្រទេសយេម៉ែន បានអះអាងកាលពីថ្ងៃចន្ទថា បានវាយប្រហារដោយជោគជ័យនូវគោលដៅមួយនៅជិតទីក្រុង Tel Aviv របស់អ៊ីស្រាអែលជាមួយនឹងមីស៊ីលផ្លោងល្បឿនលឿនជាងសំឡេង។ ចំណែក អ៊ីស្រាអែល វិញបាននិយាយថា មីស៊ីលនេះត្រូវបានបាញ់ទម្លាក់នៅពេលចូលទៅជិត ហើយមិនបណ្តាលឲ្យមានអ្នករងរបួសឡើយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុម Shia យេម៉ែន បានបិទសមុទ្រក្រហម ហើយបានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកនៅអ៊ីស្រាអែលអស់ជាច្រើនខែ ដោយព្យាយាមបញ្ឈប់ការវាយលុករបស់ទីក្រុងហ្សេរុយសាឡឹមខាងលិច (អ៊ីស្រាអែល) ប្រឆាំងនឹងតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីន។
អ្នកនាំពាក្យយោធា Houthi លោក Yahya Saree បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃចន្ទថា “គោលដៅយោធា” នៅជិតទីក្រុង Tel Aviv ត្រូវបានវាយប្រហារដោយជោគជ័យដោយមីស៊ីលល្បឿនលឿនជាងសំឡេង ដោយប្រកាសថា ប្រតិបត្តិការនេះទទួលបានជោគជ័យ។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយផងដែរថា មីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែន ត្រូវបានបាញ់ទម្លាក់ មុនពេលមីស៊ីលនេះចូលទៅក្នុងដែនអាកាសអ៊ីស្រាអែល ហើយសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសបានបន្លឺឡើងនៅក្នុងទីក្រុង Tel Aviv និងតំបន់ជុំវិញដោយភ័យខ្លាចថា គ្រាប់ផ្លោងអាចបណ្តាលឱ្យមានរបួស។
យោងតាម កងកម្លាំងការពារអ៊ីស្រាអែល គឺថា សំណល់របស់មីស៊ីលបានធ្លាក់នៅតំបន់ West Bank ដោយមិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ៕
ប្រែសម្រួលៈ ណៃ តុលា