DAP News

ព័ត៌មានអន្តរជាតិ

ប្រទេសកាណាដា និងសហភាពអឺរ៉ុប សងសឹកយ៉ាងលឿនប្រឆាំង នឹងពន្ធដែកថែប និងអាលុយមីញ៉ូមរបស់លោក ដូណាល់ ត្រាំ

បរទេស៖ ដៃគូពាណិជ្ជកម្មសំខាន់ៗ បានវាយបកភ្លាមៗចំពោះការដំឡើងពន្ធ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លើការនាំចូលអាលុយមីញ៉ូម និងដែក ដោយដាក់ពន្ធថ្មីយ៉ាងតឹងរឹង លើផលិតផលរបស់សហរដ្ឋអាមេរិក ចាប់ពីវាយនភណ្ឌនិងម៉ាស៊ីនកម្តៅទឹក រហូតដល់សាច់គោ និងស្រាវីស្គី។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសកាណាដា ដែលជាអ្នកផ្គត់ផ្គង់ដែកថែប និងអាលុយមីញ៉ូមដ៏ធំបំផុត ទៅកាន់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងតម្លើងពន្ធសងសឹកវិញ ២៥ភាគរយ លើផលិតផលដែក ហើយថែមទាំងដំឡើងពន្ធ លើទំនិញជាច្រើនដូចជា ឧបករណ៍ កុំព្យូទ័រ និងម៉ាស៊ីនមេ ម៉ូនីទ័រ សម្ភារៈកីឡា និងផលិតផលដែក។

នៅទូទាំងមហាសមុទ្រអាត្លង់ទិក សហភាពអឺរ៉ុបនឹងដំឡើងពន្ធ លើសាច់គោអាមេរិក បសុបក្សី ស្រាវីស្គី និងម៉ូតូ ប៊័រសណ្ដែកដី និងខោខូវប៊យ។

រួមបញ្ចូលគ្នា ពន្ធថ្មីនឹងធ្វើឱ្យក្រុមហ៊ុនខាតបង់ប្រាក់ រាប់ពាន់លានដុល្លារ ហើយធ្វើឱ្យភាពមិនច្បាស់លាស់បន្ថែមទៀត នៅក្នុងភាពជាដៃគូពាណិជ្ជកម្មសំខាន់ៗ របស់ពិភពលោកទាំងពីរ (អាមេរិក-អឺរ៉ុប)។ ក្រុមហ៊ុននឹងទទួលយកការខាតបង់ និងទទួលបានប្រាក់ចំណេញតិចជាងមុន ឬទំនងជានឹងបញ្ជូនការចំណាយ ទៅអ្នកប្រើប្រាស់ក្នុងទម្រង់នៃតម្លៃខ្ពស់វិញ។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា តម្លៃនឹងកើនឡើង នៅអឺរ៉ុប និងសហរដ្ឋអាមេរិក ហើយការងារកំពុងជាប់គាំង។ លោកស្រីថា “យើងសោកស្តាយយ៉ាងខ្លាំងចំពោះវិធានការនេះ។ ពន្ធគឺជាពន្ធ។ ពួកវាមិនល្អសម្រាប់អាជីវកម្ម ហើយកាន់តែអាក្រក់សម្រាប់អ្នកប្រើប្រាស់” ៕

To Top