ជប៉ុន តវ៉ាប្រឆាំង នឹងការគំរាមកំហែង ដោយហិង្សារបស់អ្នកការទូតចិន ចំពោះការលើកឡើង របស់លោកស្រី Takaichi អំពីកោះតៃវ៉ាន់
តូក្យូ ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ខ្លួនបានដាក់ពាក្យបណ្តឹង យ៉ាងម៉ឺងម៉ាត់ ជាមួយប្រទេសចិន ទាក់ទងនឹងការគំរាមកំហែង ដោយហិង្សា ដែលធ្វើឡើង ដោយអ្នកការទូតចិនម្នាក់ ចំពោះការលើកឡើងថ្មីៗ របស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi អំពីការចូលរួមដែលអាចកើតមាន របស់ប្រទេសលោកស្រី នៅក្នុងគ្រាអាសន្ន របស់កោះតៃវ៉ាន់ ។
យោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុន ការបង្ហោះសារ X ដោយអគ្គកុងស៊ុលចិនប្រចាំទីក្រុង Osaka លោក Xue Jian កាលពីថ្ងៃសៅរ៍បានគំរាមកំហែងថានឹង “កាត់កដ៏កខ្វក់មួយដោយមិនស្ទាក់ស្ទើរ” ខណៈពេលដែលដកស្រង់អត្ថបទព័ត៌មាន ស្តីពីការលើកឡើង របស់លោកស្រី Takaichi នៅក្នុងសភា។ ការបង្ហោះនោះបានឲ្យដឹងថា “តើអ្នកត្រៀមខ្លួនរួចរាល់ ហើយឬនៅ?”។
អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន លោក Minoru Kihara បានប្រាប់សន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃចន្ទថា “យើងត្រូវតែនិយាយថា ការបង្ហោះនេះមិនសមរម្យខ្លាំងណាស់ សម្រាប់ប្រធានបេសកកម្មការទូតចិន” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ខណៈពេលដែលកត់សម្គាល់ថា ចេតនា នៃសារនេះមិនច្បាស់លាស់ លេខាធិការគណៈរដ្ឋមន្ត្រីក៏បានឲ្យដឹងផងដែរថា ក្រសួងការបរទេសជប៉ុន និងស្ថានទូតជប៉ុន ប្រចាំប្រទេសចិន បានដាក់ពាក្យបណ្តឹង និងទាមទារឱ្យលុបការបង្ហោះ នោះចេញយ៉ាងឆាប់រហ័ស។ វិធានការមួយចំនួនត្រូវបានធ្វើឡើង នៅយប់ថ្ងៃអាទិត្យ។
ការផ្ទុះឡើងនេះបានកើតឡើងបន្ទាប់ពីលោកស្រី Takaichi បានប្រាប់គណៈកម្មាធិការសភាកាលពីថ្ងៃសុក្រសប្ដាហ៍ថា ការវាយប្រហារដោយយោធារបស់ចិន លើតៃវ៉ាន់អាចជា «ស្ថានភាពគំរាមកំហែង ដល់ការរស់រានមានជីវិត» សម្រាប់ប្រទេសជប៉ុន ដែលអាចអនុវត្តសិទ្ធិ របស់ខ្លួនក្នុងការការពារខ្លួនរួមគ្នា។
នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងប៉េកាំង នៅថ្ងៃចន្ទ ក្រសួងការបរទេសចិន បានការពារមតិយោបល់ នៅលើបណ្តាញសង្គម របស់លោកដោយថា ប្រទេសជប៉ុន «បានធ្វើការកត់សម្គាល់ខុសឆ្គង និងគ្រោះថ្នាក់ដោយបើកចំហ» ដែលបានបង្ហាញពីលទ្ធភាព នៃការជ្រៀតជ្រែកយោធា នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ៕
