ព័ត៌មានអន្តរជាតិ

អង្គការ​ OPEC+ នឹងបន្តផ្អាកការបង្កេីនទិន្នផលប្រេងនៅក្នុងខែមីនា

វីយែន៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថា OPEC+ បានសម្រេចចិត្ត ដើម្បីបន្តផ្អាកការកើនឡើងទិន្នផលប្រេងនៅក្នុងខែមីនា។

ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីកិច្ចប្រជុំតាមអ៊ីនធឺណិតនៃប្រទេសសមាជិក OPEC+ រួមមានអារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ ដើម្បីពិនិត្យឡើងវិញនូវស្ថានភាពទីផ្សារសកល និងទស្សនវិស័យសេដ្ឋកិច្ច។

ប្រទេស OPEC+ ចំនួន​ ៨​ បានបង្កើនទិន្នផលប្រេងជារៀងរាល់ខែចាប់តាំងពីខែមេសា ឆ្នាំ២០២៥។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានសម្រេចចិត្តនៅចុងខែវិច្ឆិកា ឆ្នាំមុន ដើម្បីផ្អាកការកើនឡើងក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៦​ ដោយសារតែរដូវកាល។

យោងតាមសេចក្តីថ្លែងការណ៍ ប្រទេសនានានឹងអនុម័តវិធីសាស្រ្តប្រុងប្រយ័ត្ន និងរក្សាភាពបត់បែនពេញលេញក្នុងការកែសម្រួលកម្រិតទិន្នផលតាមតម្រូវការ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃទីផ្សារ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top