អ៊ីរ៉ង់ បញ្ជូនប្រេងឆៅ ១១,៧ លានបារ៉ែល ឆ្លងកាត់ច្រកសមុទ្រហ័រមូស ចាប់តាំងពីមានសង្គ្រាម ឆ្ពោះទៅកាន់ប្រទេសចិន
បរទេស: អ៊ីរ៉ង់នៅតែបន្តបញ្ជូនប្រេងឆៅយ៉ាង ច្រើនឆ្លងកាត់ច្រកសមុទ្រហ័រមូសទៅកាន់ប្រទេសចិន ទោះបីជាសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់បានធ្វើឱ្យប៉ះពាល់ដល់ការ ផ្គត់ផ្គង់យ៉ាងទូលំទូលាយតាមរយៈផ្លូវទឹកដ៏សំខាន់នេះក៏ដោយ។
យោងតាមសារព័ត៌មាន CNBC ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ថា អ៊ីរ៉ង់បានបញ្ជូនប្រេងឆៅយ៉ាងហោចណាស់ ១១,៧ លានបារ៉ែលឆ្លងកាត់ច្រកសមុទ្រហ័រមូសចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ ដែលទាំងអស់នេះត្រូវបានឆ្ពោះទៅកាន់ប្រទេសចិន , នេះបើតាមលោក Samir Madani សហស្ថាបនិកក្រុមហ៊ុន TankerTrackers បានប្រាប់ CNBC កាលពីថ្ងៃអង្គារ។
នាវាជាច្រើនបាន “បិទ” បន្ទាប់ពីទីក្រុងតេអេរ៉ង់បានគំរាមកំហែង វាយប្រហារនាវាណាមួយដែលព្យាយាមឆ្លងកាត់ផ្លូវទឹក។
ក្រុមហ៊ុនផ្តល់ទិន្នន័យស៊ើបការណ៍ សម្ងាត់ដឹកជញ្ជូន Kpler ប៉ាន់ប្រមាណថា ប្រេងឆៅប្រហែល ១២ លានបារ៉ែល បានឆ្លងកាត់ច្រកសមុទ្រ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ។ “ដោយសារប្រទេសចិនជាអ្នកទិញប្រេងឆៅចម្បងរបស់អ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ចំណែកដ៏សំខាន់នៃប្រេងឆៅទាំងនេះអាចនឹងទៅដល់ទីនោះ” Nhway Khin Soe អ្នកវិភាគប្រេងឆៅនៅ Kpler បាននិយាយ ដោយបន្ថែមថាការបញ្ជាក់ពីគោលដៅចុងក្រោយ សម្រាប់នាវាទាំងនេះបានក្លាយជាបញ្ហាប្រឈមកាន់តែខ្លាំងឡើង។
ប្រែសម្រួល: ណៃ តុលា
