ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្តហោះ Gerald R. Ford របស់សហរដ្ឋអាមេរិក ដែលកំពុងត្រូវបានដាក់ពង្រាយ ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ នឹងចូលចតកំពង់ផែ ជាបណ្តោះអាសន្ន បន្ទាប់ពីភ្លើងឆេះក្នុងនាវា

បរទេស៖ មន្ត្រីអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ ដែលជាថ្ងៃទី ១៨ នៃសង្គ្រាម ជាមួយទីក្រុងតេអេរ៉ង់ថា នាវាផ្ទុកយន្តហោះអាមេរិក Gerald R. Ford ដែលត្រូវបានដាក់ពង្រាយ ក្នុងប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ ត្រូវបានគេរំពឹងថានឹងចូលចត ជាបណ្តោះអាសន្ននៅកំពង់ផែវិញ បន្ទាប់ពីមានអគ្គីភ័យនៅលើនាវានេះ។

នាវាផ្ទុកយន្តហោះនេះ ដែលជានាវាថ្មីបំផុត របស់អាមេរិក និងធំជាងគេបំផុតរបស់ពិភពលោក បច្ចុប្បន្នស្ថិតនៅក្នុង សមុទ្រក្រហម ។ មន្ត្រីទាំងពីររូបបាននិយាយថា វាត្រូវបានគេរំពឹងថានឹងទៅកាន់ឈូងសមុទ្រ Souda ជាបណ្តោះអាសន្ននៅលើកោះ Crete របស់ប្រទេសក្រិក។

នាវាចម្បាំងអាមេរិកនេះត្រូវបានដាក់ ពង្រាយអស់រយៈពេលប្រាំបួនខែមកហើយ រួមទាំងការចូលរួមក្នុងប្រតិបត្តិការ ប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡានៅការ៉ាប៊ីន មុនពេលមកដល់មជ្ឈិមបូព៌ា។ រយៈពេលនៃការដាក់ពង្រាយនេះបានបង្កើនសំណួរអំពីទឹកចិត្តរបស់នាវិកនៅលើនាវា និងការត្រៀមខ្លួនរបស់នាវាចម្បាំង។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ថា នាវាផ្ទុកយន្តហោះ Ford ដែលមាននាវិកជាង ៥.០០០ នាក់នៅលើនាវា មានយន្តហោះយោធាជាង ៧៥ គ្រឿង រួមទាំងយន្តហោះចម្បាំងដូចជា F-18 Super Hornets។ នាវាផ្ទុកយន្តហោះ Ford មានរ៉ាដាទំនើបដែលអាចជួយគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស និងការរុករក។

មន្ត្រីដែលនិយាយក្នុង លក្ខខណ្ឌអនាមិក មិនបាននិយាយថា តើនាវា Ford ត្រូវបានគេរំពឹងថានឹងស្នាក់នៅកោះ Crete រយៈពេលប៉ុន្មាននោះទេ ។

មន្ត្រីម្នាក់បាននិយាយថា នាវិកជិត ២០០ នាក់ត្រូវបានព្យាបាលសម្រាប់របួសដែលទាក់ទងនឹងផ្សែង នៅពេលដែលអគ្គីភ័យបានផ្ទុះឡើងនៅក្នុងតំបន់បោកគក់សំខាន់របស់នាវា។ ភ្លើងដែលបានឆាបឆេះគឺត្រូវចំណាយពេលច្រើនម៉ោងដើម្បីគ្រប់គ្រង ហើយបានប៉ះពាល់ដល់កន្លែងសម្រាកប្រហែល ១០០ កន្លែង។

មន្ត្រីរូបនេះបាននិយាយថា សមាជិកសេវាកម្មម្នាក់ត្រូវបានដឹកចេញពីនាវាដោយសាររបួស។ កាសែត New York Times បានរាយការណ៍ជាលើកដំបូង អំពីទំហំនៃការខូចខាតនៅលើនាវាចម្បាំង។ មន្ទីរបញ្ចកោណមិនបានឆ្លើយ តបភ្លាមៗចំពោះសំណើសុំការ អត្ថាធិប្បាយទេ។

បន្ទាប់ពីអគ្គីភ័យ បានផ្ទុះឡើងដំបូង យោធាអាមេរិក បាននិយាយថា មិនមានការខូចខាត ដល់រោងចក្រជំរុញ របស់នាវានោះទេ ហើយនាវាផ្ទុកយន្តហោះ បានដំណើរការពេញលេញ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top