កូនស្រីវ័យ១៣ឆ្នាំ របស់ប្រធានាធិបតីកូរ៉េខាងជើង បើករថក្រោះ អំឡុងពេលហ្វឹកហាត់យោធា
បរទេស៖ នៅក្នុងការបង្ហាញមុខជាសាធារណៈរួមគ្នាចុងក្រោយបំផុតរបស់ខ្លួន មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងកូនស្រីវ័យជំទង់ វ័យ ១៣ឆ្នាំ គឺបានជិះរថក្រោះជាមួយគ្នា, នេះបើយោងតាមរូបថតប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីពួកគេបានមើលការបាញ់រ៉ុក្កែត និងបាញ់កាំភ្លើងខ្លី។
យោងតាមសារព័ត៌មាន CTV News ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការបានរាយការណ៍ថា លោក គីម ជុងអ៊ុន កាលពីថ្ងៃព្រហស្បតិ៍ បានត្រួតពិនិត្យការបាញ់ប្រហារ និងសមយុទ្ធផ្សេងទៀតដែលពាក់ព័ន្ធនឹងអង្គភាពរថក្រោះ និងកងទ័ពថ្មើរជើង ហើយបានអំពាវនាវឱ្យបញ្ចប់ការរៀបចំសង្គ្រាម។
រូបភាព KCNA បានបង្ហាញថា លោក គីម និងកូនស្រីរបស់គាត់ ដែលទាំងពីរនាក់ស្លៀកអាវស្បែកពណ៌ខ្មៅ ជិះរថក្រោះ ជាមួយទាហានផ្សេងទៀតក្នុងអំឡុងពេលហ្វឹកហាត់ កាលពីថ្ងៃព្រហស្បតិ៍។ រូបភាពទាំងនោះបានបង្ហាញក្មេងស្រីនោះនៅក្នុងរថក្រោះ ខណៈពេលដែលលោកគីមអង្គុយលើរថក្រោះពីខាងក្រោយ ហើយញញឹម។
ក្មេងស្រីនោះ ដែលត្រូវបានគេរាយការណ៍ថាមានឈ្មោះថា គីម ជូអេ អាយុប្រហែល ១៣ ឆ្នាំ បានអមដំណើរឪពុករបស់នាងទៅកាន់ព្រឹត្តិការណ៍យោធា និងព្រឹត្តិការណ៍ផ្សេងៗទៀតជាច្រើនចាប់តាំងពីចុងឆ្នាំ ២០២២ ដែលបង្កឱ្យមានការសង្ស័យពីខាងក្រៅថា នាងទំនងជាអ្នកស្នងមរតកតំណែងរបស់ឪពុកនាង៕
ប្រែសម្រួលៈ ណៃ តុលា
