ចិនប្តេជ្ញាចិត្ត ធ្វើឲ្យស៊ីជម្រៅ កិច្ចការងារពាណិជ្ជកម្ម ជាមួយនឹងប្រទេសកេនយ៉ា
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អនុប្រធានាធិបតីចិនលោក Han Zheng កាលពីថ្ងៃចន្ទបានចូលរួមវេទិកាធុរកិច្ចចិន កេនយ៉ានៅទីក្រុងNairobi ជាកន្លែងដែលលោកបានអះអាងជាថ្មី នូវការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការពង្រីកពាណិជ្ជកម្ម ជាមួយប្រទេសកេនយ៉ា និងតំបន់អាហ្វ្រិកកាន់តែទូលំទូលាយ។
លោក Han បាននិយាយថា កាលពីខែមេសាឆ្នាំមុន ប្រធានាធិបតីចិន Xi Jinping និងប្រធានាធិបតីកេនយ៉ា លោក William Ruto បានព្រមព្រៀងរួមគ្នា ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ទៅកាន់សហគមន៍ចិន-កេនយ៉ា ជាមួយនឹងអនាគតរួមគ្នា សម្រាប់យុគសម័យថ្មី ដោយកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍ ទំនាក់ទំនងយូរអង្វែង។
អនុប្រធានាធិបតីចិន បានដាក់សំណើចំនួនបី ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។ ទីមួយ ដើម្បីពង្រឹងការជឿ ទុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ។
ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងការតម្រឹមរវាងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន និងចក្ខុវិស័យកេនយ៉ាឆ្នាំ២០៣០និងដើម្បីគាំទ្រដល់ប្រទេសនៅអាហ្វ្រិក រួមទាំងប្រទេសកេនយ៉ា ក្នុងការបំប្លែងអត្ថប្រយោជន៍ធនធានទៅជាភាពខ្លាំងនៃការអភិវឌ្ឍន៍ ដើម្បីជំរុញទំនើបកម្មរួមគ្នា។
ក្រៅពីកិច្ចការងារពង្រឹង កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់ប្រទេសកេនយ៉ា និងជាប្រភព នៃការវិនិយោគបរទេស ខណៈដែលកេនយ៉ា គឺជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់ប្រទេសចិន នៅអាហ្វ្រិកខាងកើត ។
ប្រទេសចិនបានបង្ហាញឆន្ទៈ ពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនដូចជា បច្ចេកវិទ្យាកសិកម្ម សេដ្ឋកិច្ចឌីជីថល និងថាមពលបៃតង និង លើកទឹកចិត្តសហគ្រាសចិន ដែលមានសមត្ថភាព កាន់តែច្រើនក្នុងការវិនិយោគ និងប្រតិបត្តិការ នៅក្នុងប្រទេសកេនយ៉ា៕
ប្រែសម្រួល៖ស៊ុនលី
