យោធាអាមេរិក ចង់ដាក់ពង្រាយមីស៊ីល ល្បឿនលឿនជាងសំឡេង ដែលមិនទាន់បានសាកល្បង ដើម្បីប្រឆាំងនឹងអ៊ីរ៉ង់
បរទេស៖ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានស្នើសុំឱ្យដាក់ពង្រាយមីស៊ីល ល្បឿនលឿន ជាងសំឡេង Dark Eagle ដែលត្រូវបានពន្យារពេលយូរ ទៅកាន់មជ្ឈិមបូព៌ា, នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីអ្នក ដែលស្គាល់ពីបញ្ហានេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ថា គ្រាប់ថ្មីនេះ ដែលត្រូវបានគេស្គាល់ផងដែរថា ជាអាវុធល្បឿនលឿន ជាងសំឡេងរយៈចម្ងាយឆ្ងាយ (LRHW) ត្រូវបានអភិវឌ្ឍតាំងពីឆ្នាំ ២០១៨ ដោយមន្ទីរបញ្ចកោណ បានចំណាយប្រាក់ជាង ១២ ពាន់លានដុល្លារទៅក្នុងកម្មវិធីដែលមានបំណងតាមឱ្យទាន់រុស្ស៊ី និងចិន ដែលបានបំពាក់អាវុធល្បឿនលឿន ជាងសំឡេងរួចហើយ។ កម្មវិធីនេះយឺតយ៉ាវជាងកាលវិភាគ ហើយប្រព័ន្ធនេះ មិនទាន់ត្រូវបានប្រកាសថា ដំណើរការពេញលេញនៅឡើយទេ។
សំណើសម្រាប់ការដាក់ពង្រាយអាវុធ LRHW គឺផ្អែកលើការស៊ើបការណ៍ សម្ងាត់ដែលបង្ហាញថា អ៊ីរ៉ង់បានផ្លាស់ប្តូរជើងទម្របាញ់មីស៊ីល ផ្លោងរបស់ខ្លួនចេញពីចម្ងាយ របស់មីស៊ីលវាយប្រហារជាក់លាក់ (PrSM) នេះបើយោងតាមមនុស្សម្នាក់ ដែលមានចំណេះដឹងផ្ទាល់អំពីបញ្ហានេះបានប្រាប់ Bloomberg។ បើតាមប្រភព គឺ មិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងលើសំណើនេះនៅឡើយទេ ។
មីស៊ីល PrSM ដែលជាមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីទៅមធ្យម ដែលគ្រោងនឹងជំនួសប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ព (ATACMS) ចាស់ៗ ត្រូវបានដាក់ពង្រាយប្រឆាំងនឹងអ៊ីរ៉ង់ដោយមិនបានឆ្លងកាត់នីតិវិធី សាកល្បងត្រឹមត្រូវផងដែរ។ មីស៊ីលបាលីស្ទិកទាំងនេះ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងអំឡុងពេលជម្លោះ ៕










