ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ និង ១១ នាក់រងរបួស ក្នុងការបាញ់ប្រហារ នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក

បេទេស៖ យ៉ាងហោចណាស់ មនុស្សម្នាក់ត្រូវបានសម្លាប់ និង ១១ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បាន បាញ់ប្រហារនៅ Midland រដ្ឋ Texas នេះបើយោងតាមលោកស្រី Lori Blong អភិបាលក្រុង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ថា លោកស្រី Lori បាននិយាយថា “យើងមានជនរងគ្រោះចំនួន ១១ នាក់ដែលត្រូវបានគេស្គាល់នៅពេលនេះ”។ “យ៉ាងហោចណាស់មានជនរងគ្រោះម្នាក់បានស្លាប់នៅកន្លែងកើតហេតុ”។

ប៉ូលីសបានបញ្ជាក់ថា ខ្មាន់កាំភ្លើងក៏បានស្លាប់ដែរ។

ដំបូងឡើយ មន្ត្រីប៉ូលីសបានឆ្លើយតបទៅនឹងរបាយការណ៍អំពីខ្មាន់កាំភ្លើងសកម្មម្នាក់នៅភាគនិរតីនៃទីក្រុងនៅព្រឹកថ្ងៃសុក្រ នេះបើយោងតាមនាយកដ្ឋានប៉ូលីស Midland។

លោក Greg Snow អធិការប៉ូលីស Midland បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មន្ត្រីប៉ូលីសបានឮ សំឡេងកាំភ្លើងចេញពីអគារ ហើយបានធ្វើការយ៉ាងរហ័សដើម្បីធានាសុវត្ថិភាព និងបោសសម្អាតតំបន់នោះ ។ អង្គភាពពាសដែក ត្រូវបានដាក់ពង្រាយ ហើយភ្នាក់ងារដៃគូបានជួយក្នុងការឆ្លើយតប” ដោយបន្ថែមថា ការប៉ុនប៉ងត្រូវបានធ្វើឡើង ដើម្បីដោះស្រាយ “ការប្រឈមមុខដាក់គ្នាជាមួយខ្មាន់កាំភ្លើង” ដោយសុវត្ថិភាព។
ប្រែសម្រួលៈ ណៃ តុលា

To Top