លោក ត្រាំថា ការវាយប្រហារដោយយោធាអាមេរិក បានសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua របស់ប្រទេស វេណេស៊ុយអេឡា
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារមួយ ដែលបានសម្លាប់លោក Hector Rusthenford Guerrero Flores ដែលត្រូវបានគេស្គាល់ផងដែរថាជា Niño Guerrero ដែលជាមេដឹកនាំក្រុមឧក្រិដ្ឋជនវេណេស៊ុយអេឡា Tren de Aragua។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ថា លោក ត្រាំ បាននិយាយនៅក្នុងការបង្ហោះមួយនៅលើ Truth Social នៅល្ងាចថ្ងៃសុក្រថា “តាមការណែនាំរបស់ខ្ញុំ បញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារយ៉ាងរហ័ស និងខ្លាំងក្លា ដើម្បីប្រហារជីវិតលោក Nino Guerrero ដែលជាមេដឹកនាំដ៏ល្បីល្បាញរបស់ Tren De Aragua ដែលជាអង្គការភេរវករដ៏បង្ហូរឈាមបំផុតមួយនៅលើភពផែនដី”។
លោកបន្តថា “សកម្មភាពនេះត្រូវ បានសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយមិត្តភក្តិរបស់យើងនៅ ក្នុងប្រទេសវេណេស៊ុយអេឡា ដែលយើងកំពុងធ្វើការយ៉ាងល្អជាមួយពួកគេ”។
ប្រធានមន្ទីរបញ្ចកោណ លោក Pete Hegseth បានបង្ហោះនៅលើ X ថា ការវាយប្រហារនេះត្រូវ បានធ្វើឡើង នៅដើមសប្តាហ៍នេះ ហើយថាលោក Guerrero “ត្រូវបានបញ្ជាក់ថាត្រូវបានសម្លាប់ក្នុងអំឡុងពេលវាយប្រហារនោះ”។
ចំណែកក្រសួងព័ត៌មាន របស់ប្រទេសវេណេស៊ុយអេឡាវិញ មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
ប្រែសម្រួលៈ ណៃ តុលា









