ចិនក្លាយជាទីផ្សារនាំចេញ គ្រឿងសមុទ្រធំជាងគេ របស់វៀតណាម ខណៈដែលអាមេរិក និងអឺរ៉ុប បានដាក់ចេញនូវ របាំងពាណិជ្ជកម្មកាន់តែច្រើន
បរទេស៖ យោងតាមទិន្នន័យស្ថិតិពីក្រសួងកសិកម្ម និងបរិស្ថាន របស់វៀតណាម បានឱ្យដឹងថា ប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិក ដើម្បីក្លាយជាអ្នកទិញគ្រឿងសមុទ្រដ៏ធំបំផុតរបស់វៀតណាម ដោយទំហំនាំចូលមានតម្លៃជិត ១,៤ ពាន់លានដុល្លារអាមេរិក នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើងប្រហែល ៤០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ថា ទំហំនាំចូលដែលត្រូវបានកត់ត្រាទុក មានចំនួនជិត ៨៩៨ លានដុល្លារ ក្នុងអំឡុងពេលនោះ ពោលគឺធ្លាក់ចុះប្រហែល ១ ភាគរយ។ ចំណែកឯប្រទេសជប៉ុន ឈរនៅចំណាត់ថ្នាក់លេខ ៣ ដែលមានទំហំជិត ៧៨៨ លានដុល្លារ ពោលគឺកើនឡើង ២ ភាគរយ។
តំណាងមកពីក្រុមហ៊ុននាំចេញគ្រឿងសមុទ្រ Nam Viet Corporation បានលើកឡើងថា ការផ្លាស់ប្តូរទិសដៅមករកប្រទេសចិន បានលេចរូបរាងកាន់តែច្បាស់ឡើងចាប់តាំងពីដើមឆ្នាំនេះមក។
ក្រុមហ៊ុនបានបញ្ជាក់ថា ខណៈពេលដែលតម្លៃដឹកជញ្ជូនទៅកាន់ទីផ្សារឆ្ងាយៗ នៅតែមានកម្រិតខ្ពស់ ប្រទេសចិនបានក្លាយជា គោលដៅទាក់ទាញជាងមុន ដោយសារតែភូមិសាស្ត្រនៅជិតគ្នា តម្លៃភស្តុភារកម្ម (logistics) ទាបជាង និងការប្រមូលដើមទុនត្រឡប់មកវិញបានលឿនជាង។
លោកស្រី Lê Hằng អគ្គលេខាធិការរងនៃសមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្រវៀតណាម (VASEP) បានមានប្រសាសន៍ថា ទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប បានដាក់ចេញនូវរបាំងពាណិជ្ជកម្មកាន់តែច្រើន ដូច្នេះហើយទើបអ្នកនាំចេញគ្រឿងសមុទ្រជាច្រើន បានបង្វែរទិសដៅយ៉ាងសកម្មទៅកាន់ប្រទេសចិនវិញ។
លោកស្រី Hằng បានបន្ថែមថា ការនាំចេញទៅកាន់សហរដ្ឋអាមេរិក នៅតែបន្តប្រឈមមុខនឹងបញ្ហាលំបាកៗជាច្រើន។









