ភ្នំពេញ ៖ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការព្រមានធ្ងន់ៗ ទៅលើក្រុមហ៊ុនធានារ៉ាប់រង កាមិនកូ ចំពោះការអូសបន្លាយ ក្នុងការដោះស្រាយសំណង ដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយលើកយកហេតុផលផ្សេងៗ ដែលធ្វើឱ្យជនរងគ្រោះ ទទួលភាពអយុត្តិធម៌ កាន់តែខ្លាំងឡើង ។ នេះបើយោងតាមរដ្ឋបាល ខេត្តព្រះសីហនុ។
ដោយសារក្រុមហ៊ុន ធានារ៉ាប់រងកាមិនកូ អូសបន្លាយក្នុងការដោះស្រាយ សំណងដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ទើបកាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល ក្នុងការដោះស្រាយ សំណងជូនជនរងគ្រោះ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ដែលបង្កឡើង ដោយរថយន្តក្រឡុកស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុនបេតុង SCG ដែលធ្វើអាជីវកម្ម នៅក្រុងព្រះសីហនុ ដោយមានការចូលរួម ពីតំណាងអយ្យការ អមសាលាដំបូងខេត្ត លោកស្នងការរង ទទួលផែនចរាចរណ៍ ពីមន្ទីរជំនាញ និងគូភាគីពាក់ព័ន្ធផងដែរ ។
តាមតំណាងក្រុមគ្រួសារ ជនរងគ្រោះបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយរថយន្តបេតុង របស់ក្រុមហ៊ុនបេតុង SCG កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បណ្តាលឱ្យមានមនុស្សស្លាប់ នៅនឹងកន្លែង ។ ជនរងគ្រោះ មានឈ្មោះ ជា ស៊ីវ៉ាន ភេទប្រុស មុខរបរជាគ្រូបង្រៀន នៅសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ ។ ក្នុងនោះតំណាងក្រុមហ៊ុនធានារ៉ាប់រងកាមិនកូ បានលើកឡើងថា ខ្លួនមិនទទួលខុសត្រូវ ទូទាត់សំណងជូនជនរងគ្រោះនោះទេ ដោយចោទថា ក្រុមហ៊ុនបេតុង SCG មិនគោរពតាមគោលការណ៍របស់ខ្លួន ។
ក្នុងកិច្ចប្រជុំដោះស្រាយនាពេលនេះ ខាងក្រុមហ៊ុនបេតុង SCG សុខចិត្តសងជាសំណង ជាថវិកាចំនួន ១០.០០០ដុល្លាអាមេរិក (មួយម៉ឺនដុល្លារ សហរដ្ឋអាមេរិក)ជូនដល់ភាគីជនរងគ្រោះ ដើម្បីដោះស្រាយសំណងរដ្ឋប្បវេណី ។
ជាចុងក្រោយ លោក គួច ចំរើន អភិបាល អភិបាលខេត្ត បានមានប្រសាសន៍ថា តាមព័ត៌មាន ដែលទទួលបានកន្លងមកក្រុមហ៊ុន ធានារ៉ាប់រងកាមិនកូ មានភាពយឺតយ៉ាវ ក្នុងការទូទាត់សំណងជូនជនរងគ្រោះ ដោយលើកយកហេតុផលផ្សេងៗ ដែលធ្វើឱ្យជនរងគ្រោះទទួលភាព អយុត្តិធម៌កាន់តែខ្លាំងឡើង ។
បន្ថែមលើនេះលោកអភិបាល ខេត្តព្រះសីហនុ ក៏បានព្រមានផងដែរថា ក្នុងករណីរកឃើញថា ក្រុមហ៊ុនកាមិនកូ មានកំហុសក្នុងការអនុវត្តការងារ របស់ខ្លួន នោះរដ្ឋបាលខេត្តនឹងធ្វើរបាយការណ៍ ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្អាកអាជីវកម្មក្រុមហ៊ុននេះភ្លាម ៕