ព័ត៌មានជាតិ

អ.ហ រាជធានីភ្នំពេញ បញ្ជូនចោរលួចគាស់ផ្ទះ ទៅតុលាការ

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ដែលរូបគេជាចោរ លួចគាស់ផ្ទះប្រជាពលរដ្ឋ ដើម្បីលួចយកទ្រព្យសម្បត្តិមានតម្លៃ។

ឈ្មោះ សូ សារិន ហៅពៅ ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ធ្វើការឃាត់ខ្លួន បន្ទាប់ពីរូបគេ បានធ្វើសកម្មភាពលួចគាស់ផ្ទះមួយកន្លែង ចូលយកបានម៉ាស៊ីនត្រជាក់ ,ទូរសទស្សន៍ និងស្ពាន់ ជិត ៤គីឡូក្រាម នៅចំនុចផ្ទះលេខ ៧៨BE0 ផ្លូសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០២:០០នាទីរំលងអធ្រាត។

ក្រោយពេល សមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបាន យកមកសួរនាំ រូបគេសារភាពឲ្យដឹងថា បានធ្វើសកម្មភាព លួចគាស់ផ្ទះយកសម្ភារៈ ជាមួយនិងបក្ខពួកម្នាក់ទៀត ឈ្មោះ ចាន់ ថន ភេទប្រុស អាយុប្រហែល៤០ឆ្នាំ(គេចខ្លួន) នៅចំណុចខាងលើ ពិតប្រាកដមែន ដោយរូបខ្លួន ជាអ្នកជញ្ជូនឥវ៉ាន់ ឲ្យទៅឈ្មោះ ចាន់ ថន ជាអ្នកចាំទទួលយកនៅខាងក្រៅផ្ទះ ដើម្បីយកទៅទុក តែរូបគេ ពុំបានចេញពីក្នុងផ្ទះនោះទេ គឺបាននៅរើកកាយ រកមើលលួចសម្ភារៈបន្តទៀត ក៏ត្រូវបានសន្តិសុខឃើញ បានប្តឹងសមត្ថកិច្ច អាវុធហត្ថខណ្ឌចំការមន ដែលកំពុងល្បាត ក្នុងភូមិសាស្រ្តរបស់ខ្លួន ចុះមកឃាត់ខ្លួនតែម្តង។

ជនសង្ស័យ ខាងលើ បានប្រាប់ឲ្យដឹងទៀតថា កន្លងមករូបគេ និងឈ្មោះ ចាន់ ថន(គេចខ្លួន) ធ្លាប់ធ្វើសកម្មភាពលួចគាស់ផ្ទះ បានជាច្រើនលើក ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងថែមទាំងធ្លាប់ធ្វើសកម្មភាព ឆក់ទូរស័ព្ទពីប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវបាន ២លើកដែរ ហើយពួកគេតែងតែ ប្រើប្រាស់គ្រឿងញៀន ជាប្រចាំថ្ងៃ៕

To Top