ព័ត៌មានជាតិ

កម្ពុជាបន្តបណ្តេញជនជាតិចិន ១១នាក់ ឲ្យទៅស្រុកកំណើតវិញនៅព្រឹកនេះ

ភ្នំពេញ ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ដោយមានការចង្អុលដឹកនាំ ពីលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានសហការជាមួយ ប៉ុស្តិ៍ច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ បណ្តេញចេញជនជាតិចិនចំនួន ១១នាក់ ចេញពីកម្ពុជា។ នេះបើតាមហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជនជាតិចិនទាំង ១១នាក់នេះ មានស្រីម្នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ដោយយោងតាមប្រកាស បណ្តេញចេញរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ និងហាមចូលកម្ពុជារយៈពេល៣ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើស ក្លែងបន្លំឆបោក តាមប្រពន្ធ័ទូរគមនាគមន៍ (VOIP)។

កិច្ចប្រតិបត្តិការនេះ ក៏មានការចូលរួម ពីកងកម្លាំងសមត្ថកិច្ច របស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីយកទៅអនុវត្តតាមច្បាប់នៅចិន ៕

To Top