ព័ត៌មានជាតិ

ឆ្នាំសិក្សាថ្មី! រាជរដ្ឋាភិបាល អំពាវនាវឲ្យសិស្សានុសិស្ស ត្រូវចេញឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ

ភ្នំពេញ ៖ ក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សាថ្មីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវ ទៅដល់សិស្សានុសិស្សទាំងអស់ ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ចេះណែនាំមិត្តភក្តិ អំពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន ព្រមទាំងចៀសវាងឲ្យបាន នូវអំពើអបាយមុខផ្សេងៗ។

តាមរយៈសារលិខិត បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានមានប្រសាសន៍ថា សិស្សានុសិស្សទាំងអស់ ត្រូវប្រតិបត្តិច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្លួន ត្រូវចេះយោគយល់ និងអធ្យាស្រ័យគ្នា ក្នុងពេលធ្វើដំណើរ ដើម្បីធានាបាន នូវសុវត្ថិភាពផ្ទាល់ខ្លួនផង និងអ្នកដទៃផង ក៏ដូចជារក្សាបាននូវសេចក្តីថ្លៃថ្នូរ ដល់សង្គមជាតិ។

សម្ដេចមានប្រសាសន៍ថា “ក្មួយៗសិស្សានុសិស្ស ទាំងអស់ត្រូវចងចាំថា បើយើងស្រឡាញ់ខ្លួនយើង ស្រឡាញ់ឪពុកម្តាយ និងស្រឡាញ់អនាគតរុងរឿង ក្មួយៗត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវចេះណែនាំមិត្តភក្តិ អំពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន ព្រមទាំងត្រូវចៀសវាង ឲ្យបាននូវការប្រព្រឹត្ត អំពើអបាយមុខផ្សេងៗ”។

បន្ថែមពីនេះ សម្ដេចតេជោ ក៏បានលើកឡើងថា លោកគ្រូ-អ្នកគ្រូ ត្រូវរួមគ្នាបន្តដើរតួជាបុគ្គលគំរូ ជាឪពុកម្តាយ ជាមគ្គុទេសក៍ អ្នកស្រាវជ្រាវជាទីប្រឹក្សា និងជាអ្នកនាំមកនូវគំនិតច្នៃប្រឌិត តាមរយៈការខិតខំប្រឹងប្រែង អភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ទាំងផ្នែកចំណេះដឹង និងវិធីសាស្ត្របង្រៀន រួមទាំងបច្ចេកវិទ្យាព័ត៌មាន ភាសាបរទេស ការសិក្សាស្រាវជ្រាវ ដើម្បីយកចំណេះដឹងថ្មីៗ មកបង្ហាត់បង្រៀនសិស្ស ឲ្យមានចំណេះដឹងទូលំទូលាយ អភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកល និងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត។

ក្នុងឱកាស បើកបវេសនកាលនេះសម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ដល់ មាតា បិតា ទាំងអស់នៅកម្ពុជា ត្រូវនាំគ្នាបញ្ជូនកូន ទៅចុះឈ្មោះចូលរៀន នៅដើមបើកបវេសនកាល ឆ្នាំសិក្សាថ្មីនេះ ឲ្យបានគ្រប់ៗគ្នា ព្រមទាំងយកចិត្តទុកដាក់តាមដាន ការសិក្សា របស់កូនៗ ឲ្យបានជាប្រចាំផងដែរ។

សម្ដេចបន្ដថា គ្រឹះស្ថានសិក្សាគ្រប់កម្រិត រួមទាំងទីវត្តអារាម ត្រូវផ្តល់លទ្ធភាព ក្នុងការអប់រំពេញលេញ និងមានគុណភាព តាមរយៈការបង្កើនការផ្សព្វផ្សាយ ការធ្វើយុទ្ធនាការប្រមូល កុមារចូលរៀន និងត្រៀមលក្ខណៈតាមគ្រប់រូបភាព ដូចជា អាកាសធាតុក្តៅហួតហែង ទឹកជំនន់ ខ្យល់កន្ត្រាក់ ជាដើម។

សម្ដេចបន្ថែមថា គ្រឹះស្ថានសិក្សា ត្រូវធានារយៈពេលនៃការៀន និងបង្រៀន ឲ្យបានពេញលេញស្រប តាមកម្មវិធីសិក្សាដែលបានកំណត់។ គ្រឹះស្ថានសិក្សា ត្រូវខិតខំពង្រីកសក្តានុពលរបស់ខ្លួន ដើម្បីឲ្យក្លាយទៅជាសាលាកុមារ មេត្រីកម្រិតអភិវឌ្ឍ និងប្រែក្លាយខ្លួន ទៅជាសាលារៀនជំនាន់ថ្មី សម្រាប់បង្កើតធនធានមនុស្ស មានជំនាញខ្ពស់ លើមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា៕ ដោយ ៖ អេង ប៊ូឆេង

To Top